(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០១៨​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ​សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ឧបនាយករដ្ឋមន្ត្រី​ អ្នកតំណាងរាស្រ្ត​ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៦​ និងលើកទិសដៅការងារអនុវត្តបន្ត ដែលមានអ្នកចូលរួម ជាង១១២៨នាក់ នៅមន្ទីរបក្សខេត្ត។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្ស មាន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស​ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងប្រធានកិត្តិយសគណបក្ស។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមថា​ រាជរដ្ឋាភិបាលនីតិកាលទី៦​ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន​ បន្តយកចិត្តទុកដាក់នូវវិធានការជាក់ស្ដែង ជាអាទិភាពទាំង៤ ដែលត្រូវអនុវត្តនៅឆ្នាំ២០១៩ ខាងមុខ រួមមាន៖

*ទី១៖ បន្ដបង្កើនប្រាក់ឈ្នូលកម្មករ និងរៀបចំបើកប្រាក់ឈ្នូលក្នុង រយៈពេល២សប្ដាហ៍ម្ដង
*ទី២៖ បន្ដបង្កើនប្រាក់បៀវត្សរ៍ និងប្រាក់សោធនិវត្តន៍ជូនមន្ដ្រីរាជការ ក្នុងរយៈពេល២សប្ដាហ៍ម្ដង តាមប្រព័ន្ធធនាគារ
*ទី៣៖ បញ្ចុះតម្លៃអគិ្គសនី
*ទី៤៖ ដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយគាំពារសង្គម។ ក្នុងនោះរាជរដ្ឋាភិបាលក៏នឹងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណជាបន្តទៀត។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងសាទរ​កោតសរសើអំណរគុណ និងដឹងគុណដល់សមាជិក​សមាជិកា​ទាំងអស់ នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានឯកភាពគ្នា​ ដើរលើមាគ៌ា​តែមួយរួមគ្នា ខិតខំបំពេញការងារទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ហើយសូមឲ្យបន្តខិតខំបន្ថែមទៀតក្នុងការអនុវត្តគោលយោបាយបក្ស​និងរាជរដ្ឋាភិបាលធ្វើការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋដោយស្មោះត្រង់​ដើម្បីបន្តការអភិវឌ្ឍន៍​និងរីកចម្រើនមូលដ្ឋានយើង។

ជាការរឹតចំណងសាមគ្គីភាព​ជិតស្និទ្ធ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានផ្តល់ជូន៖

*ទី១៖ ជប់លៀងជូនថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តចំនួនជាង៥ពាន់នាក់
*ទី២៖ អ្នកគាំទ្រគណបក្សជាង១៨ម៉ឺននាក់ ផ្តល់ជូននូវភេសជ្ជៈ និងថវិកា សម្រាប់យកទៅជប់លៀងនៅគ្រប់ភូមិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ៕