(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំគណៈកម្មាធិការអន្ដរក្រសួងទទួលបន្ទុកសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ចុះត្រួតពិនិត្យការសាងសង់ដំណាក់កាលទី២ ពោលគឺកីឡដ្ឋានបាល់ទាត់ធំ ឬ Main Stadium ដែលកំពុងសាងសង់យ៉ាងមមាញឹក សម្រាប់ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។

ថ្លែងនាឱកាសនោះលោករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ចំពោះការសាងសង់ ខណៈសមិទ្ធផលកីឡដ្ឋានបាល់ទាត់ធំសម្រេចបាន ២០% ដែលបង្ហាញនូវភាពអស្ចារ្យ និងស្ដង់ដារ ហើយក៏សបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បីធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ លោកថា «ក្រោយសាងសង់កីឡដ្ឋានធំបានប្រមាណ ៣០%នេះ មានសមិទ្ធផលមួយចំនួនបានលេចចេញ ដែលអាចវាយតម្លៃខ្ពស់ចំពោះការសាងសង់ និងខ្ញុំក៏មានគម្រោងបង្កើតឲ្យមានដំណើរទស្សនកិច្ចរៀងរាល់សប្តាហ៍ ឬរៀងរាល់ខែ ដើម្បីនាំនិស្សិត ក៏ដូចជាប្រជាពលរដ្ឋមកទស្សនាផ្ទាល់ចំពោះការវិវត្តន៍នៃគម្រោងសាងសង់ជាក់ស្តែងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងការបញ្ជាក់ឲ្យឃើញពីសមិទ្ធផលពិត ដើម្បីត្រៀម SEA Games 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ»

អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) ដដែលបន្ដថា តាមគម្រោងដំណាក់កាលទី២ នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២០ មុនបន្ដសាងសង់ដំណាក់កាលទី៣ ដូចជាទីលានក្រៅសាល និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងឆ្នាំ២០២១ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ ប៉ុន្ដែរាល់ការសាងសង់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងនាមស្ថាប័នជំនាញកីឡា លោកបានជំរុញឲ្យមានការប្រកួតផ្សេងៗនៅទីនោះ ដើម្បីស្វែងយល់ពីកម្រិតបច្ចេកទេសទីលាន មុនការប្រកួតផ្លូវការចូលមកដល់។

សូមបញ្ជាក់ថា កីឡដ្ឋានបាល់ទាត់ដ៏ធំនេះ ត្រូវបានបើកការដ្ឋានសងសាង់កាលពីដើមខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយកីឡដ្ឋាននេះ បានសាងសង់យ៉ាងពិសេស តាមស្ដង់ដារអន្ដរជាតិ ដែលអាចផ្ទុយអ្នកទស្សនាបានប្រមាណ ៦០,០០០នាក់ និងមានច្រកជម្លៀសអ្នកគាំទ្រពេលមានអាសន្នក្នុងរយៈពេលតែ ៦នាទីទៀតផង។ កីឡដ្ឋាននេះ មានតម្លៃប្រមាណ ១៥៧លានដុល្លារ ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីរដ្ឋាភិបាលចិន។

ដោយឡែកដំណាក់កាលទី១ ដែលរួមមានមជ្ឈមណ្ឌលកីឡាហែលទឹក មណ្ឌលកីឡាក្នុងសាល និងទីលានក្រៅសាលមួយចំនួន ត្រូវបានសាងសង់រួចរាល់ ១០០% និងសម្ពោធដាក់ឲ្យប្រើប្រាស់តាំងពីដើមខែមេសា ឆ្នាំ២០១៧ មកម្ល៉េះ ក្នុងនោះក៏មានប្រភេទកីឡាមួយចំនួន បានរៀបចំការប្រកួតរបស់ខ្លួននៅទីនោះផងដែរ ពិសេសគឺកាលពីប្រកួតកីឡាជាតិ លើកទី២ ក៏មានកីឡាមួយចំនួនធំ បានរៀបចំការប្រកួតលើទីលាន នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ៕