(បាត់ដំបង)៖ កម្លាំងនគរបាលអធិការស្រុកសំពៅលូន ឃាត់ខ្លួនស្ត្រីម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅក្នុងមូលដ្ឋាន រួមទាំងដកហូតបានថ្នាំយ៉ាម៉ាចំនួន៩៩គ្រាប់ នៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុក សំពៅលូន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង ឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះថា ករណីបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ នៅចំណុចខាងលើ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ណូន ចាន់ ភេទស្រី អាយុ៣៥ឆ្នាំ វត្ថុតាងដកហូតបានរួមមានថ្នាំញៀនយ៉ាម៉ា ចំនួន៩៩គ្រាប់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ស្នងការនគរបាលខេត្តចាត់ការតាមនីតិវិធីច្បាប់៕