(បន្ទាយមានជ័យ)៖​ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ រួមជាមួយនិងមន្ត្រីពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះដាក់វិធានការក្តៅ និងបានព្រមានដាក់វិធានការតាមផ្លូវច្បាប់ ចំពោះពាណិជ្ជករ អាជីវករ និងសេវាកររូបណា ដែលមិនទូទាត់ប្រាក់រៀលខ្មែរ ក្នុងអាជីវកម្មរបស់ខ្លួននោះទេ ខណៈនាពេលបច្ចុប្បន្ននេះ​ ប្រាក់រៀលខ្មែរគេមើលឃើញថា មិនសូវត្រូវបានគេឱ្យម្លៃនៅទីផ្សារ ហាងលក់ទំនិញ ភោជនីយដ្ឋាន និងផ្សារម៉ាត នៅក្រុងប៉ោយប៉ែត និងនៅក្នុងតំបន់កាស៊ីណូក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ដោយគេឱ្យតម្លៃប្រាក់បាតថៃ សម្រាប់ទិញទំនិញជំនួសប្រាក់រៀលខ្មែរ។

ទាក់ទងនឹងបញ្ហាការចាយវាយប្រាក់បាតថៃនៅក្នុងហាងលក់ទំនិញ និងនៅតាមភោជនីយដ្ឋាន តាមផ្សារម៉ាតនៅតំបន់ក្រុងប៉ោយប៉ែតនោះ កន្លងមកធ្លាប់រងការរិះគន់ពីប្រជាពលរដ្ឋខ្មែរថា ការធ្វើអាជីវកម្មនៅលើទឹកដីខ្មែរ បែរជាទូទាត់ជាសាច់ប្រាក់បរទេសទៅវិញ។

លោក សាន វិជ្ជាសារ៉ាវុធ បានលើកឡើងថា មន្រ្តីជំនាញបានអនុវត្តឱ្យមានការសរសេររាយមុខទំនិញ តាំងលក់ក្នុងផ្សារម៉ាត ទីតាំងលក់ទំនិញ ដោយយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជ កម្មស្តីពីការបិទស្លាកលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរ ដោយធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយសមធម៌។

ក្នុងករណីដែលមន្រ្តីជំនាញចុះផ្សព្វផ្សាយអប់រំរួចហើយ បើម្ចាស់ទីតាំងលក់ទំនិញ និងម្ចាស់ផ្សារម៉ាត​ តាម​ភោជនីយដ្ឋាន​ តូប​មិនអនុវត្តទៅតាមការណែនាំរបស់ន្រ្តីជំនាញនោះទេ ហើយថ្ងៃក្រោយបើមន្រ្តីជំនាញចុះមកត្រួតពិនិត្យម្តងទៀត រកឃើញមិនអនុវត្តតាមការណែនាំទេ និងប្រឈមពិន័យជាទឹកប្រាក់​ រឺក៏ប្រឈមអនុវត្តតាមផ្លូវច្បាប់ផងដែរ។

លោកបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រកាសនៃប្រការ៨ គ្រប់ពាណិជ្ជករ អាជីវករទាំងឡាយដែលមិនអនុវត្តតាមប្រកាសនេះទេ ត្រូវបានចាត់ទុកកិច្ចប្រតិបត្តិការលក់ទំនិញ ជាអំពើខុសច្បាប់ហើយ និងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ឬផាកពិន័យជាទឹកប្រាក់ចំនួន២លាន​រៀលដល់៦លានរៀល ហើយបើក្នុងករណីដែលពាណិជ្ជករ អាជីវករ និងសេវាករ ចង់សរសេររាយមុខទំនិញជាតម្លៃរូបិយប័ណ្ណបរទេស អាចទៅទំនាក់ទំនងសួរនាំព័ត៌មានខាងមន្ទីរពាណិជ្ជកម្មខេត្ត។

សូមបញ្ជាក់ថា ខណៈដែលមន្រ្តីជំនាញចុះអប់រំផ្សព្វផ្សាយណែនាំការអនុវត្តសេចក្តីប្រកាសស្តីពីការបិទលើមុខទំនិញ និងសេវាគ្រប់ប្រភេទ ជាប្រាក់រៀល មន្រ្តីជំនាញក៏បានពិនិត្យរកគុណភាពសុវត្ថិភាព សុវត្ថិភាព ផលិតផលចំណីអាហារនៅទីតាំលក់ទំនិញ និងនៅតាមផ្សារម៉ាតជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត និងបានរកឃើញទំនិញ និងផលិតផលម្ហូបអាហារមួយចំនួន ហួសកាលកំណត់ប្រើប្រាស់ជាច្រើនមុខ ជាមុខញ្ញាបង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ដោយមន្រ្តីជំនាញ ក៏បានដកហូតយកមករក្សាទុក ដើម្បីដុតកម្ទេចចោលបញ្ចៀសផលប៉ះពាល់សុខភាព ប្រជាពលរដ្ឋនោះ៕