(ភ្នំពេញ)៖ ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន ដែលជាទន្តបណ្ឌិត នៃមន្ទីរពេទ្យទន្តសាស្ត្ររំចង់ បានទទួលសញ្ញាបត្រជាន់ខ្ពស់ជំនាញដាំបង្គោលធ្មេញ ពីសមាគមន៍អន្តរជាតិ នៃអ្នកជំនាញដាំបង្គោលធ្មេញ (ICOI) នៅប្រទេសអាឡឺម៉ង់ កាលពីថ្ងៃទី០៨ ខែកញ្ញាថ្មីៗនេះ។

សញ្ញាបត្រនេះ ត្រូវបានទទួលស្គាល់ជាពិសេសនៅក្នុងសមាគមន៍អ្នកជំនាញដាំបង្គោលធ្មេញ ICOI និងនៅក្នុងវិស័យទន្តសាស្ត្រ ទូទាំងពិភពលោក។ សមាគមន៍ ICOI បានបង្កើតកម្មវិធីសិក្សានេះឡើង ដើម្បីជំរុញលើកទឹកចិត្តឱ្យអ្នកសិក្សាក៏ដូចជាទន្តបណ្ឌិត ដែលជាសមាជិកខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹងពីការសិក្សា ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ក្រោមការវាយតម្លៃរបស់ ក្រុមគណៈកម្មាធិកាជំនាញតាមរយ:ការសំភាសន៍ និងធ្វើតេសយ៉ាងតឹងរឹង ដើម្បីទទួលបានសញ្ញាបត្រជាន់ខ្ពស់នេះ។ យើងអាចសំគាល់ទន្តបណ្ឌិត ដែលបានបញ្ចប់ការសិក្សាជោគជ័យ និងទទួលបានសញ្ញាបត្រជាន់ខ្ពស់នេះ​ តាមរយ:ពាក្យ “D.I.C.O.I” នៅបន្ទាប់ពីឈ្មោះរបស់គាត់។

សមាគមន៍អន្តរជាតិនៃអ្នកជំនាញដាំបង្គោលធ្មេញ (ICOI) គឺជាស្ថាប័នដែលមិនស្វែងរកប្រាក់ចំណេញ និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ ការសិក្សាក្នុងវិស័យទន្តសាស្ត្រ។ សមាគមន៍នេះ មានគោលដៅធ្វើចែករំលែកការសិក្សាបែបវិទ្យាសាស្ត្រ និងអភិវឌ្ឍជំនាញដាំបង្គោលធ្មេញ នៅទូទាំងពិភពលោក។

សមាគមន៍បានបោះពុម្ភផ្សាយនូវពត៌មានទាក់ទងនឹងកម្មវិធីសិក្សាជាប្រចាំ សៀវភៅសម្រាប់សិក្សាស្រាវជ្រាវ (Journal) ប្រចាំខែ និងធ្វើបច្ចុប្បន្នភាព នៃការស្រាវជ្រាវរៀងរាល់ត្រីមាស។ លើសពីនេះ សមាគមន៍តែងតែរៀបចំសិក្ខាសិលាជាញឹកញាប់ និងគាំទ្រដល់ការស្រាវជ្រាវការដាំបង្គោលធ្មេញ តាមរយ:អង្គការរបស់ខ្លួនផ្ទាល់ (IDREF)។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់សមាគមន៍ www.icoi.org។

ក្រៅពីនេះ ក៏មានទន្តបណ្ឌិតនៃមន្ទីរពេទ្យទន្តសាស្ត្ររំចង់ ចំនួនប្រាំរូបទៀតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសដាំបង្គោលធ្មេញ នៅសកលវិទ្យាល័យ Frankfurt University ប្រទេសអាឡឺម៉ង់៕