(ភ្នំពេញ)៖ សិស្សពូកែគណិតលេខ១ទូទាំងប្រទេស ប្រចាំឆ្នាំ២០១៨ និងជាប់លំដាប់ថ្នាក់អន្តរជាតិបេក្ខជន ឆាយ លីអាន ដែលចេញមកតវ៉ាក្រោយខ្លួនជាសិស្សពូកែ ហើយលទ្ធផលប្រឡងមុខវិជ្ជា គណិតធ្លាក់ទៅ​នោះ ឥឡូវនេះបានទទួលនិទ្ទេស A ឡើងវិញក្រោយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលថ្មីជាលើកទី២ នៅថ្ងៃនេះ។

លទ្ធផលថ្មីដែលក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឡើងវិញ ក៏ដោយសារមានបញ្ហាបច្ចេកទេសកុំព្យូទ័រនោះ បានបញ្ជាក់ថា បេក្ខជន ឆាយ លីអាន មានលំដាប់ពិន្ទុមាន ៩៩.៩០២ និង​បាននិទ្ទេស A នៃ​មធ្យមភាគសរុប ក្នុងការប្រឡងដ៏ធំមួយនេះ។ ដោយឡែកសម្រាប់មុខវិជ្ជាគណិត ដែលធ្លាក់កាលពីលទ្ធផលចាស់នោះ នៅពេលេនះ លីអាន ក៏ទទួលបានលទ្ធផល A ឡើងវិញផងដែរ។

សូមរំលឹកថា បេក្ខជន ឆាយ លីអាន ជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ឈូក ខេត្តកំពត ​និងជា​សិស្ស​ឆ្នើម​មេដាយ​មាស​គណិតឆ្នាំ​២០១៨ និង​លេខ​២​ ឆ្នាំ២០១៥ ព្រមទាំងធ្លាប់ប្រលងប្រកួត ប្រជែងលំដាប់ អន្តរជាតិផងដែរ។

បេក្ខជនរូបនេះ ​ធ្លាប់​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ក្នុងការ​ប្រកួត​គណិត​វិទ្យា​ប្រចាំ​តំបន់​អាស៊ាន ប្រកួត​ការ​ធ្វើ Research នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រកួត​លំដាប់​ថ្នាក់​អន្តរជាតិ (IMO) នៅ​ប្រទេស​រ៉ូម៉ាន់​នី ដែល​មាន​ការ​ចូលរួម​ពី​១១៦​ប្រទេស​ជុំវិញ​ពិភពលោក​ទៀត​ផង៕