(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) និងសមាជិកសមាគម រួមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលរបស់សមាគម បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិត Beat Richner នៅមន្ទីរពេទ្យគន្ធបុប្ផា និងបានសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់វីរបុរសសង្គ្រោះកុមារកម្ពុជារូបនេះ ។

លោកបណ្ឌិត គីម ហ៊ាង បានសម្ដែងនូវការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជាលោក Beat Richner ស្របពេលលោកបានចាត់ទុកបុរសជនជាតិស្វីសរូបនេះ គឺជាវីរបុសជួយសង្គ្រោះកុមារកម្ពុជា រាប់រយរាប់ពាន់ និងរាប់លាននាក់ក្នុងមួយឆ្នាំៗ ។ លោកថា ការបាត់បង់ស្ថាបនិកឆ្នើមរូបនេះ គឺការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា ព្រោះលោកបានធ្វើពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ដើម្បីបម្រើការងារមនុស្សធម៌ ជួយកម្ពុជា ពិសេសកុមារតូចៗ ចាប់តាំងពីឆ្នាំ ១៩៧៤ មកម្ល៉េះ។

សូមរំឭកថា លោក Beat Richner បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស ។ ទន្ទឹមនឹងគ្នានោះ លោកបណ្ឌិត គីម ហ៊ាង រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានធ្វើការបួងសួងវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ក៏ដូចជាទទួលយកនូវការគោរពស្រលាញ់ ដោយស្មោះអស់ពីចិត្តពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលកំពុងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕