(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចូលគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ស្ថាបនិក មន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា លោក Beat Richner នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា​។

ក្រៅពីចូលគោរពវិញ្ញាណក្ខ័ន្ធហើយនោះ លោក ពេជ្រ ស្រស់ បានសន្យា​ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ភាថា នឹងបង្កើតមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបរិច្ចាកប្រាក់ខែ​​​៣៥ភាគរយ នៃប្រាក់ខែសរុបរបស់លោកជូន​មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ប្រធានគណបក្សវ័យក្មេងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «​​​​នៅរសៀលនេះ ខ្ញុំ ពេជ្រ ស្រស់ បានមកគោរពវិញ្ញាណក្ខន្ធលោក Dr.Richner បិតាកុមារកម្ពុជា គឺស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ហើយខ្ញុំបានសន្យា​ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផាថា ខ្ញុំនឹងបង្កើតមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបរិច្ចាគប្រាក់ខែ​របស់ខ្ញុំ ផ្ទាល់​៣៥ភាគរយ នៃប្រាក់ខែសរុបជូន​មន្ទីរពេទ្យគន្ធបុប្ផាផងដែរ»

សូមរំលឹកថា ​មរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Beat Richner នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨​ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នឹកស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌ របស់លោកផងដែរ។

បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា៕