(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញកម្លាំងនគរបាលដែលពាក់ព័ន្ធទាំងអស់ ត្រូវតែបង្ក្រាបជនជាតិចិន ដែលប្រព្រឹត្តិខុសច្បាប់ ដោយគ្មានការលើកលែងឡើយ។

បើតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍ សុខ ផល ​កម្លាំងសមត្ថកិច្ចត្រូវតែបង្ក្រាបអ្នកដែលប្រព្រឹត្តិខុសច្បាប់ ហើយអ្នកដែលប្រព្រឹត្តិត្រឹមត្រូវ តាមច្បាប់របស់កម្ពុជា​ ដាច់ខាតត្រូវតែការពារ ខណៈបច្ចុប្បន្នជនជាតិចិន នៅប្រទេសកម្ពុជា កើនឡើងរហូតដល់ជាង២១ម៉ឺននាក់ ដែលចំនួននេះមានកើនឡើងបើធៀបនៅឆ្នាំ២០១៧។

ក្នុងពិធីសំណេះសំណាលជាមួយនាយនគរបាលជាន់ខ្ពស់ និងនាយនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងយ៉ាងដូច្នេះថា «យើងនិយាយតែរឿងខុសច្បាប់ទេ បើត្រូវច្បាប់ ត្រូវតែគាំទ្រការពារគេជាគោលនយោបាយ។ ចឹងចិនខុសច្បាប់នៅកំពង់សោម វាកើនឡើងគួរឲ្យកត់សម្គាល់ ដែលសម្ដេចក្រឡាហោម លោកលើកម្សិលមិញនេះ [...] ដែលនេះជាបញ្ហាប្រឈម ដែលខាងអនុវត្តនីតិវិធី»

នាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា នៅឆ្នាំ២០១៧ ជនជាតិចិននៅកម្ពុជា មានតែជាង១០ម៉ឺននាក់ប៉ុណ្ណោះ ដោយចំនួននេះអត់បូកបញ្ចូលជាមួយអ្នកកាទូត, អ្នកទេសចរណ៍ និងអង្គការសង្គមស៊ីវិលទេ ប៉ុន្ដែនៅចុងឆមាសទី២នេះ កើនឡើងដល់ជាង២១ម៉ឺននាក់ ដែលនេះយោងតាមស្ថិតិជនជាតិចិន ដែលមកពន្យាទិដ្ឋាការ។

បើតាមនាយឧត្តមសេនីយ៍ សុខ ផល ក្នុងចំណោមជនជាតិចិនទាំង២១ម៉ឺននាក់នេះ មានជាង៧​៨,០០០នាក់ កំពុងនៅខេត្តព្រះសីហនុ ប៉ុន្ដែក្នុងនោះមានប័ណ្ណការងារត្រឹមត្រូវ មានត្រឹមតែជាង២ម៉ឺននាក់ប៉ុណ្ណោះ។

​សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានថ្លែងដោយដាក់ បទបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន។

អង្គភាពចំនួន៤នោះ រួមមាន៖ អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃផងដែរ។

យ៉ាងណាក៏ដោយ បទល្មើសជាបន្តបន្ទាប់ជាពិសេសពាក់ព័ន្ធជាមួយជនជាតិចិន ក៏ត្រូវបានកម្លាំងនគរបាល និងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបង្ក្រាប រហូតមានចាប់ខ្លួនជនល្មើស បានជាច្រើនផងដែរ៕