(ភ្នំពេញ)៖ លោកបណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំ​​កិច្ច​ប្រជុំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ ចំពោះ​ការ​មិន​ពេញ​ចិត្ត​ នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ក្រោយមានការតវ៉ាពីបេក្ខជន។

Facebook ផ្លូវការរបស់ក្រសួងអប់រំបញ្ជាក់ថា កិច្ច​ប្រជុំខាងលើនេះ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​ នឹង​លទ្ធផល​ប្រឡង​បាក់ឌុប ឆ្នាំ២០១៨ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​បាន​ថា ការ​ប្រឡង​ដំណើរ​ការ​ ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន។

គណៈកម្មការ​កោសល្យវិច័យ ត្រូវបានក្រសួង​អប់រំ យុវជន និង​កីឡា សម្រេចរៀបចំ នៅថ្ងៃទី១២ ខែកញ្ញានេះ។ គណៈកម្មការ​កោសល្យ​វិច័យ ​នឹង​ចាប់​ដំណើរ​ការ ​ការងារចាប់​ពី​ថ្ងៃ​នេះ ក្នុង​រយៈ​ពេល​១​សប្តាហ៍។

សូមជម្រាបថា ការតវ៉ានេះធ្វើឡើងបន្ទាប់ពីបេក្ខជនមួយចំនួន ពិសេសបេក្ខជនឈ្មោះ ឆាយ លីអាន រៀននៅវិទ្យាល័យហ៊ុនសែនឈូក ដែលធ្លាប់ជាសិស្សពូកែគណិតវិទ្យា ទទួលបានមេដាយ និងពានរង្វាន់គណិតវិទ្យា នៅក្រៅប្រទេសរាប់ភ្លេច​ តែបែរជាលទ្ធផលប្រឡងមុខវិជ្ជាគណិតវិទ្យា​ ទៅវិញ៕