(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការចូលរួមការតាំងពិព័រណ៍ នៅក្រុងណាននីង នៃខេត្តក្វាងស៊ី ប្រទេសចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នោះ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបន្តដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ៤.០ នៅទីក្រុងហាណូយ ប្រទេសវៀតណាមបន្តទៀត។ ​នេះបើតាមការអះអាងរបស់ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី។

លោក ស្រ៊ី ថាមរុង្គ បានលើកឡើងថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ៤.០នេះ នឹងមានថ្នាក់ដឹកនាំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានមួយចំនួនចូលរួម។ ក្រៅពីនោះមាន នាយករដ្ឋមន្រ្តីប្រទេសស្រីលង្កា បណ្តារដ្ឋមន្រ្តីការបរទេសផ្សេងៗទៀតដូចជាជប៉ុន ឈីលី ជាដើម។

លោកអះអាងថា វេទិកានេះ នឹងមេដឹកនាំទាំងអស់នឹង ពិភាក្សាអំពីផលប្រយោជន៍ និងភាពប្រឈម នៃបច្ចេកវិទ្យាថ្មីៗ ដោយសារតែវាអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការវិនិយោគសេដ្ឋកិច្ច នៅក្នុងតំបន់ និងសកលលោក។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបឥស្សរជនមួយចំនួនដូចជា រដ្ឋមន្រ្តីការបរទេសជប៉ុន ស្ថាបនិក និងនាយកប្រតិបត្តិ Economic Forum រួមទាំងនាយករដ្ឋមន្រ្តី ស្រីលង្កា និងនាយករដ្ឋមន្រ្តីឡាវផងដែរ មុននឹងធ្វើមាតុភូមិនិវត្ត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨៕