(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតមួយជូនចំពោះលោក Alain Berset ប្រធានាធិបតីសហព័ន្ធស្វីស ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ដែលទទួលឲអនិច្ចកម្មនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងលិខិតផ្ញើជូនប្រធានធិបតីស្វីស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត អំពីអនិច្ចកម្មនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ របស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីពេទ្យគន្ធបុប្ជា នៅប្រទេសកម្ពុជា។ មរណភាពរបស់លោកវេជ្ជបណ្ឌិត គឺជាការបាត់បង់ជនដ៏មហិមារមួយរូប ដែលប្តូរផ្តាច់មិនគិតពីខ្លួនឯង ក្នុងការជួយសង្គ្រោះកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ ចាប់តាំងពីឆ្នាំ១៩៩២»

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានាធិបតិស្វិសទៀតថា លោកវេជ្ជបណ្ឌិត ក៏ជាបុគ្កលមួយរូប ដែលសម្តេច រួមទាំងប្រជាជនកម្ពុជាតែងតែចងចាំថា បានរួមចំណែកដ៏ធំធេងក្នុងការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសកម្ពុជា។ លើសពីនេះ មេត្តាធម៌ និងបេះដូងប្រកបដោយក្តីស្រលាញ់របស់លោកវេជ្ជបណ្ឌិត ចំពោះប្រទេសកម្ពុជានឹងត្រូវ បានចងចាំជារៀងរហូត។

សម្តេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា បានសង្កត់ធ្ងន់ថា «ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានទុក្ខយ៉ាងស្មោះស្ម័គ្របំផុត តាមរយៈឯកឧត្តម ជូនគ្រួសារសពដែលបានបាត់បង់ សមាជិកជាទីស្រលាញ់របស់ខ្លួន។ ស្មារតី និងសមិទ្ធិផលដ៏ថ្លៃថ្លារបស់សពលោកវេជ្ជបណ្ឌិតនឹងស្ថិតក្នុងបេះដូងយើងខ្ញុំ។ យើខ្ញុំងនឹងបន្តបំណងប្រាថ្នារបស់គាត់ ក្នុងការជួយកុមារកម្ពុជា នៅក្នុងបណ្តាឆ្នាំខាងមុខទៀត។ យើងខ្ញុំសូមបួងសួងឲ្យព្រលឹង របស់លោកវេជ្ជបណ្ឌិតបានទៅកាន់សុគិតភព»។​

សូមជម្រាបថា លោក Beat Richner បានទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស៕