(ភ្នំពេញ)៖ ក្នុងគោលបំណង ចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់សង្គម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ កូនចៅនៃសពឧបាសក ហេង អៀង បាននាំយកថវិកា៣៦,១៨០ដុល្លារ មកប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ថវិកាខាងលើនេះ បានពីការចូលបច្ច័យបុណ្យសពរបស់ឧបាសក ហេង អៀង ដែលបានធ្វើមរណកាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

ឧបាសក ហេង អៀង កាលលោកនៅមានជីវិត បានកសាងក្រុមគ្រួសារធំមួយ និងទទួលបានការគោរពរាប់អានពីញាតិមិត្តជាច្រើន នៅក្នុងសង្គម។ ឧបាសក ហេង អៀង និងក្រុមគ្រួសារ ជានិច្ចកាល តែងតែចូលរួម ក្នុងសកម្មភាពជួយសង្គម ដូចជាសាងសង់សាលារៀន វត្តអារាម និងផ្លូវថ្នល់ ជាដើម។

ដើម្បីបន្តអនុវត្តគំរូ ដ៏ល្អរបស់លោក ដែលធ្លាប់បានធ្វើកាលដែលលោកនៅមានជីវិតនៅឡើយ កូនចៅ ឧបាសក ហេង អៀង បានសម្រេចយកបច្ច័យបុណ្យសពរបស់លោក មកចូលរួមសកម្មភាព ជួយសង្គម តាមរយៈការជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងតែជួយសង្គ្រោះជីវិតកុមារ រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

កូនចៅ ឧបាសក ហេង អៀង សូមថ្លែងអំណរគុណ និងជូនបុណ្យកុសលដល់ញាតិមិត្ត ជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចូលបច្ច័យទាំងអស់នេះ។ នៅក្នុងឱកាសនោះដែរ ក្រុមគ្រួសារ ឧបាសក ហេង អៀង ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ស្ថាបនិកឆ្នើម របស់មន្ទីរពេទ្យគន្ធបុប្ផា គឺលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Beat Richner ផងដែរ។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព នៅវេលាម៉ោង២៖៤៥នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស៕