(ប៉ៃលិន)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងក្រុមការងារ និងលោកគ្រូ អ្នកគ្រូ បានអញ្ជើញបើកលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអុរពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសម្តែងនូវការសប្បាយចិត្ត ចំពោះក្មួយៗដែលបានប្រឡងជាប់ និងមានការសោកស្តាយចំពោះអ្នកដែលប្រឡងធ្លាក់ ហើយចំពោះក្មួយៗ ដែលប្រឡងធ្លាក់ ក៏មិនត្រូវអស់សង្ឃឹមដែរ គឺអាចទៅបន្តការសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សាបាន ឬក៏សិក្សាជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីយកមកប្រកបរបរចិញ្ចឹមជីវិត។

លោកអភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ សែន បានធ្វើការកែទម្រង់ក្នុងវិស័យអប់រំ និងកីឡាឲ្យមានគុណភាពទាំងចំណេះដឹង និងចំណេះធ្វើ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋបាលខេត្ត និងស្ថាប័ននានា បានយកចិត្តទុដាក់ខិតខំប្រឹងប្រែងអនុវត្តន៍ ដើម្បីស្វែងរកធនធានមនុស្សបន្តវេនដឹកនាំប្រទេសជាតិ និងសង្គមជាតិឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានបន្ថែមទៀតថា ចំពោះក្មួយៗ ដែលនឹងត្រូវចូលសិក្សាថ្នាក់ទី១២ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់គ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួន ហើយបើទទួលបាននិទ្ទេស A​ លោក​អភិបាល​ខេត្ត​ នឹងឧបត្ថម្ភម៉ូតូ ១គ្រឿង ដោយមិនកំណត់ចំនួន។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន ០២មណ្ឌល ស្មើនិង ១៦បន្ទប់ ក្នុងនោះចែកចេញជា២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យសាស្ត្រសង្គម និងមានបេក្ខជនមកដាក់ពាក្យប្រលងមានចំនួន ៣៨៦នាក់ (ស្រី ១៩៨នាក់) អវត្តមាន០២នាក់។

លោកបានបន្តថា ជាលទ្ធផលឆ្នាំ២០១៨នេះ សម្រាប់មណ្ឌលខេត្តប៉ៃលិន បេក្ខជនប្រលងជាប់មានចំនួន ២៣៥នាក់ ស្មើនឹង ៦១.១៩% (ស្រី ១៣៦នាក់) ស្មើនិង ៦៨.៦៨% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសដូចជា៖ -និទ្ទេសA មានចំនួន ០នាក់, -និទ្ទេសB មានចំនួន ០៣នាក់ (ស្រី ០៣នាក់), -និទ្ទេសC មានចំនួន ១៤នាក់ (ស្រី ១០នាក់), -និទ្ទេសD មានចំនួន ២៦នាក់ (ស្រី ១១នាក់), និងនិទ្ទេសE មានចំនួន ១៩២នាក់ (ស្រី ១១២នាក់)៕