(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងមតិលើកឡើងរបស់សារព័ត៌មាន Fresh News ដែលបានចុះនៅយប់ថ្ងៃទី០៩ ខែកញ្ញា ​ឆ្នាំ២០១៨នេះ​ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនថា​ ក្រសួងសុខាភិបាល កំពុងគិតគូររៀបចំពិធីគោរពវិញ្ញាណក្ខន្ធសព​ ឯកឧត្តមសាស្រ្តាចារ្យ​ វេជ្ជបណ្ឌិត​ Beat Richner ដើម្បីសម្តែងនូវការគោរពដល់គាត់​ ដែលពិធិគោរពវិញ្ញាណក្ខន្ធសពរបស់គាត់នេះ​ នឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង៣រសៀល​ 

ដោយឡែកនៅមន្ទីរពេទ្យគន្ធបុប្ផា​ ក៏មានរៀបចំពិធីគោរពវិញ្ញាណ្ខ័នគាត់នៅបណ្ណាល័យក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាផងដែរនៅថ្ងៃដដែលនេះ។

មរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Beat Richner នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ កំពុងនាំឲ្យប្រជាពលរដ្ឋខ្មែរនឹកស្តាយស្រណោះអាឡោះ អាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោកផងដែរ។

បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា៕