(ភ្នំពេញ)៖ មរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Beat Richner នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ កំពុងនាំឲ្យប្រជាពលរដ្ឋខ្មែរនឹកស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោកផងដែរ។

បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា។

ក្នុងនាមជាបុគ្គលិកកាកបាទក្រហមស្វីស លោក Richner ត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ដើម្បីសង្គ្រោះអ្នកជំងឺពេលកំពុងរងគ្រោះដោយភ្លើងសង្គ្រាមនាអំឡុងឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។ លោក Richner បានវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីក្រោយពេលភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់នាអំឡុងឆ្នាំ១៩៩១។

ការវិលត្រឡប់ជាមួយនឹងការឃើញនូវភាពខ្ទេចខ្ទាំរបស់កម្ពុជាដោយសារតែភ្លើងសង្គ្រាម និងឃើញពីការខ្វះខាតកន្លែងសម្រាប់ព្យាបាលជំងឺកុមារផងនោះ លោក Richner បានសុំឲ្យបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ឆ្នាំ១៩៩២ បានលេចចេញជារូបរាង ដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា១៩៩២។

ដើម្បីជួយសង្គ្រោះជីវិតរបស់កុមារកម្ពុជាតាមរយៈការព្យាបាលដោយមិនគិតថ្លៃនោះ លោក Richner បានប្រឹងប្រែងស្វែងរក និងកៀរគរថវិកាពីគ្រប់ទីកន្លែង ជាពិសេសពលរដ្ឋប្រទេសស្វីស តាមការលេងសេឡូរបស់លោក ដើម្បីមកទ្រទ្រង់ការចំណាយប្រាក់ខែគ្រូពេទ្យ និងគ្រឿងបរិក្ខាផ្សេងៗ។ ដោយមើលឃើញពីតម្រូវការសេវាព្យាបាលរបស់កុមារកម្ពុជាកាន់តែច្រើនឡើងនោះ លោក Richner បានស្វះស្វែងគ្រប់លទ្ធភាព ដើម្បីសាងសង់មន្ទីរពេទ្យជាបន្តបន្ទាប់។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា ដែលជាកន្លែងផ្តល់ជីវិតទីពីរដល់កុមារកម្ពុជាមានចំនួន៥កន្លែង។ ៤កន្លែងស្ថិតក្នុងរាជធានីភ្នំពេញ និងមួយកន្លែងស្ថិតនៅក្នុងខេត្តសៀមរាប។

គិតមកដល់ឆ្នាំ២០១៨ មន្ទីរពេទ្យគន្ធបុប្ផាមានអាយុកាលជាង ២៥ឆ្នាំមកហើយ។ រយៈពេលជាង២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៨លានករណីហើយ។ រយៈពេលជាង ​២៥ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៦០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណើរការរបស់ខ្លួន។ ថវិកាសម្រាប់ទ្រទ្រង់ដំណើរការមន្ទីរពេទ្យមួយនេះប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និង ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួមរបស់សប្បុរសជនក្នុង និងក្រៅស្រុក។

ទង្វើដែលជាគុណធម៌ដ៏មហិមារបស់លោក Richner សម្រាប់កុមារកម្ពុជា បាននិងកំពុងធ្វើឲ្យពួកគេស្តាយស្រណោះ និងអាឡោះអាល័យយ៉ាងខ្លាំងចំពោះការបាត់វត្តមាន របស់លោកពីលើភពផែនដីនេះ។ នៅលើបណ្តាញសង្គម Facebook គេបានឃើញប្រជាពលរដ្ឋខ្មែរបង្ហោះសារសោកស្តាយ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់ទីឋានដ៏ស្ងប់សុខ។

ទន្ទឹមនឹងការសម្តែងក្តីស្រណោះចំពោះការបត់បង់លោក Richner ហើយនោះ ក៏មានការលើកឡើងចង់ឃើញមានការរៀបចំកន្លែងដ៏សមគួរណាមួយ ដើម្បីឲ្យពលរដ្ឋខ្មែរបានចូលរួម អុជធូបគោរពវិញ្ញាណក្ខន្ធតបគុណដ៏ធំធេងជាលើកចុងក្រោយរបស់លោក។ ព្រមទាំងជាសារបង្ហាញដល់មហាជនខ្មែរថា ទង្វើល្អ ទង្វើជាគុណធម៌របស់មនុស្ស គឺទទួលបានការគោរពស្រឡាញ់ និងចងចាំជានិច្ចនៅក្នុងបេះដូងមនុស្សជាតិ បើទោះបីមនុស្សនោះបានឃ្លាតឆ្ងាយពីលើភពផែនដីនេះក៏ដោយនោះ។

មានពលរដ្ឋខ្មែរខ្លះទៀត ចង់ឲ្យមានការផ្តល់កិត្តិយសដល់សពរបស់លោក Richner ដោយការគោរពវិញ្ញាណក្ខន្ធកាន់ទុក្ខនៅកម្ពុជា និងចង់ឃើញប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធរបស់គាត់ ដើម្បីជាការគោរពដឹងគុណផង។

ដោយការគោរពស្រឡាញ់ខ្លាំងចំពោះគុណបំណាច់សម្រាប់កុមារកម្ពុជានោះ មានពលរដ្ឋខ្មែរខ្លះ ក៏ចង់ឃើញការសង់រូបសំណាកលោក Richner នៅមន្ទីពេទ្យ ដើម្បីជាការផ្តល់កិត្តិយសនិងគោរព និងដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់៕