(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមបោះពុម្ពលទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ (បាក់ឌុប) សម័យ​ប្រឡង​៖ ២០ សីហា ខណៈរាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នឹងប្រកាសលទ្ធផលនៅថ្ងៃនេះ ដោយឡែកសម្រាប់បណ្តាខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី១០ ខែកញ្ញា ស្អែកនេះ។

លទ្ធផលនៃការបោះពុម្ពនេះ ប្រព្រឹត្តឡើងក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមសង្កេតការណ៍ពីសំណាក់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ដំបូងឡើយ ក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផល ការប្រឡងសញ្ញាបត្របាក់ឌុបនេះ នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែពេលនេះត្រូវបានកែសម្រួល មុនពេលកំណត់មួយថ្ងៃ។

ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​១១៥,២៦៨នាក់ ស្រី​៥៨,១៥៨ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ​១៩៦​​​មណ្ឌល​ ក្នុង​​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម​មាន​៩៧​មណ្ឌល ត្រូវ​ជា​៤,៦៥៥​​បន្ទប់​ ទូទាំង​ប្រទេស៕​​​