(ចិន)៖ ចិនកំពុងសហការជាមួយ បណ្ដាប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក លើការងារបង្កើតថាមពលអគ្គិសនី ក្រោយពីនោះចិនបានស្នើឱ្យមានការបង្កើតប្រព័ន្ធបញ្ជូនថាមពលអគ្គិសនី ទៅវិញទៅមកទូទាំងពិភពលោក ដែលអាចជួយដោះស្រាយបញ្ហា ថាមពលជាច្រើនរបស់ទ្វីបអាហ្វ្រិក។

ការកង្វះថាមពលអគ្គិសនី ជារឿងធម្មតាទៅហើយ នៅតាមប្រទេសជាច្រើន នៅក្នុងទ្វីបអាហ្វ្រិកនេះជា កត្តាមួយដែលរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃទ្វីបនេះ។ ប្រទេសអ៊ុយហ្កង់ដា និងប្រទេសម៉ាឡាវី មិនងាយមានលទ្ធភាព ប្រើថាមពលអគ្គីសនីមានតម្លៃសមរម្យទេ គេត្រូវប្រើវាដោយមានកំណត់ សម្រាប់ធ្វើកិច្ចការប្រចាំថ្ងៃ ដូចជាធ្វើម្ហូបជាដើម។

ប្រជាពលរដ្ឋរស់នៅក្នុង ភូមិណាំប៉ានី បានឲ្យដឹងថា ពួកយើងមានបញ្ហាភ្លើងអគ្គិសនី នៅក្នុងភូមិទាំងមូលតែម្តង គឺសុទ្ធតែគ្មានភ្លើងប្រើទេ អ្នកខ្លះគាត់ទៅប្រើភ្លើងសូឡា ដែលប្រើមិនគ្រប់ដដែល ដោយសារគេគ្មានលុយ ទៅទិញគ្រឿងជំនួយវាបន្ថែមទៀត។

បើយោងតាមតួលេខពីទីភ្នាក់ងារ ថាមពលអន្តរជាតិបង្ហាញថា ប្រជាជនជាង៦០០លាននាក់ កំពុងគ្មានថាមពលអគ្គិសនី ប្រើប្រាស់នៅតំបន់ខាងត្បូង នៃវាលខ្សាច់សាហារ៉ា ក្នុងទ្វីបអាហ្វ្រិក។ នៅតំបន់អាហ្វ្រិកខាងលិចក៏ដូចគ្នាដែរ។

លោក សៀនគួយ អាផូលីនែរ អគ្គលេខាធិការ អង្គការថាមពលអគ្គីសនីអាហ្វ្រិកខាងលិច បានឲ្យដឹងថា «ក្នុងតំបន់របស់យើងប្រជាជន៤០% មានភ្លើងប្រើប្រាស់ ដោយឡែក៦០%ទៀត មិនមានភ្លើងប្រើឡើយ ដោយសារតែយើងផលិតភ្លើង មិនគ្រប់តាមតម្រូវការ ហើយនៅតាមប្រទេសដែលមានសក្តានុពល សម្រាប់ផលិតអគ្គីសនីវិញ គេមិនមានថវិកាគ្រប់គ្រាន់សម្រាប់ផលិតឡើយ»

ស្ថិតិពីសហភាពអាហ្វ្រិកបង្ហាញថា សមត្ថភាពផលិតថាមពលអគ្គិសនី របស់ទ្វីបអាហ្វ្រិក នឹងត្រូវកើនឡើងដល់៣១០០តេរ៉ាវ៉ាត់ម៉ោង ត្រឹមឆ្នាំ២០៤០ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយដើម្បីធ្វើរឿងនេះបាន គេត្រូវការវិនិយោគប្រាក់ជាង៤ម៉ឺនលានដុល្លារអាមេរិកឯណ្ណោះ។

បច្ចុប្បន្ននេះប្រទេសចិន កំពុងលើកស្ទួយឱ្យមានការបង្កើតប្រព័ន្ធ បញ្ជូនថាមពលអគ្គិសនី ទៅវិញទៅមកទូទាំងពិភពលោក ដែលអាចបញ្ជូនថាមអគ្គិសនី ពីកន្លែងមួយទៅកន្លែងមួយទៀតបាន ប្រកបដោយប្រសិទ្ធភាព និងប្រើខ្សែភ្លើងដែលមានវ៉ុលខ្ពស់។

លោក អាប៊ែល ឌីឌីយ័រ ធែលឡា អគ្គនាយកសមាគមថាមពលអគ្គីសនីអាហ្វ្រិក យល់ថាទង្វើនេះ ជាការផ្តើមគំនិតដ៏ល្អ។

លោក អាប៊ែល ឌីឌីយ័រ ធែលឡា បានឲ្យដឹងទៀតថា «បើគេប្រើថាមពល ដែលសល់ពីតំបន់មួយ ដើម្បីផ្តល់ថាមពលទៅឱ្យតំបន់មួយទៀត ខ្ញុំគិតថាវាជារឿងល្អណាស់។ សម្រាប់ខ្ញុំគំនិតនេះនឹងដើរទៅមុខលឿនមែនទែន ដោយសារវាលាយធនធានធម្មជាតិបញ្ចូនគ្នា ដើម្បីដោះស្រាយបញ្ហាដ៏សំខាន់នេះ»៕ (សារព័ត៌មាន CCTV របស់ចិន)