(ភ្នំពេញ)៖ ថ្លែងចេញពីវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានប្រជាប្រិយភាព និងព្រហ្មវិហារធម៌ លើអ្នកនយោបាយបក្សផ្សេង និងប្រជាពលរដ្ឋខ្មែរ បានមានប្រសាសន៍លើកឡើងថា ជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦នេះ មិនមែនដោយសារតែសម្តេចម្នាក់ឯងនោះ គឺបានមកពីការរួបរួមគ្នារបស់សមាជិក របស់គណបក្សប្រជាជនទាំងមូល។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូង នៅបន្ទប់ប្រជុំគណៈរដ្ឋមន្ដ្រីជាន់ទី១ នៃវិមានសន្ដិភាព។

សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយយើងដឹងថាជោគជ័យកន្លងទៅ ដែលប្រជាពលរដ្ឋបានបោះឆ្នោតភ្លូកទឹកភ្លូកដី ឱ្យគណបក្សប្រជាជន ក្នុងចំណោម២០គណបក្ស តើវាបានមកពីការខិតខំរបស់ ហ៊ុន សែន ម្នាក់ឯង ឬបានមកពីការខិតខំ របស់រាជរដ្ឋាភិបាលទាំងមូល​[...] ច្បាស់ណាស់គេមុខតែផ្តោត សំលេងភាគច្រើនសំដៅដល់ ហ៊ុន សែន ហើយប៉ុន្តែហ៊ុន សែន ម្នាក់ឯងអនុវត្ត ទៅកើតទេ បើបណ្តារដ្ឋមន្ត្រី និងស្ថាប័ននានា មិនបានអនុវត្តនោះប្រជាជនមិនមែនខ្វះការជ្រើសរើសទេ ឬមួយគាត់មិនទៅចូលរួមបោះឆ្នោតតាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់»

ប្រមុខរាជរដ្ឋាភិបាល បានបន្តថា សម្រាប់ការឈ្នះឆ្នោតនៅអាណត្តិទី០៦នេះ គឺដោយសារតែប្រជាពលរដ្ឋកម្ពុជា យ៉ាងច្រើនកុះករ បានគូសសន្លឹកឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដោយសារតែកាលពីអាណត្តិទី០៥ គឺថ្នាក់ដឹកនាំគណបក្សទាំងអស់ បានរួបរួមគ្នាធ្វើគ្រប់បែបយ៉ាង ដើម្បីបម្រើដល់ការរីកចម្រើនរបស់ប្រទេសជាតិ ដូចជាការបង្កើតការងារ តម្លើងប្រាក់បៀវត្សជូនកម្មករ ទាំងនេះជាជោគជ័យដ៏ធំមួយសម្រាប់ប្រទេសជាតិទាំងមូល ក៏ដូចជាតាមក្រុមគ្រួសារនីមួយៗផងដែរ។

សម្តេតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា សម្តេចមិនភ្ញាក់ផ្អើលនោះឡើយ សម្រាប់ចំនួនអ្នកដែលមិនទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឬក្រុមប្រឆាំងផ្គាប់មុខជាមួយគណបក្សប្រជាជន អ្នកទាំងនេះ បើទោះបីជាស្លាប់ទៅចាប់ជាតិជាថ្មី ក៏នៅតែមិនបោះឆ្នោតឱ្យគណបក្សប្រជាជនដដែលហ្នឹង។ ព្រោះបើគណបក្សប្រជាជនមានមនុស្សស្រឡាញ់១០០ភាគរយ មិនចាំបាច់មានគណបក្សនយោបាយផ្សេងទេចូលរួមបោះឆ្នោតនោះទេ។ សូម្បីតែព្រះពុទ្ធសាសនា ឬសាសនានានា ក៏មិនអាចប្រមូលឱ្យប្រជាពលរដ្ឋទាំងអស់ជឿមកលើសាសនាតែមួយបានដែរ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា បើនិយាយពីសាសនាវិញ ក៏គ្មានសាសនាណាមួយយកនូវការគោរពប្រតិបត្តិ ពីសំណាក់ប្រជាពលរដ្ឋនានានៅ ទូទាំងពិភពលោកបានដែរ គឺមានពលរដ្ឋខ្លះ ជឿលើសាសនានេះ ឬសាសនានោះតាមអ្វីដែលដែលពួកគាត់ គិតថាល្អសម្រាប់ខ្លួន។ សម្រាប់គណបក្សប្រជាជនកម្ពុជា គឺយើងយល់ច្បាស់ណាស់ថា មិនមាននរណាគេពេញចិត្តលើគណបក្ស យើងទាំងអស់នោះទេ​ប្រាកដជាពលរដ្ឋខ្លះទៅស្រឡាញ់គណបក្សដ៏ទៃ ដែលពួកគេស្រឡាញ់ពេញចិត្ត ទាំងនេះជាសិទ្ធិរបស់ពួកគាត់ ដូច្នេះយើងត្រូវតែគោរពសិទ្ធិ​នៃការសម្រេចរបស់ពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា កាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា កន្លងទៅ មានអត្រាប្រជាពលរដ្ឋដែលបានទៅ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានកើនដល់៨៣.០២% ហើយចំនួនអាសនៈនៅក្នុងរដ្ឋសភាទាំង១២៥ បានធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។

ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង។ តពីក្រោយនេះ គឺគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក គង់ គាំ ដែលមានចំនួន ២១២,៨៦៩សំឡេង។ ដោយឡែក គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ទទួលបាន ៣៩,៣៣៣៕