(បេកាំង)៖ កិច្ចចរចាស្ដីពី​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី ក្រោមក្របខណ្ឌ​នៃកិច្ចព្រមព្រៀងភាព​ជាដៃគូថ្នាក់តំបន់ ឬ RCEP អាចនឹងត្រូវបាន​ចិនប្រើប្រាស់ជាមធ្យាបាយ​ថ្មីមួយ ដើម្បីទប់ទល់​នឹងគំនិតគាំពារនិយម​របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលប្រធានាធិបតីអាមេរិក​លោក ដូណាល់​ ត្រាំ។ នេះបើតាម​អ្នកជំនាញ ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

លោកស្រី ជិន ហ្វេងយីង (Chen Fengying) ជាអ្នកជំនាញសេដ្ឋកិច្ច​នៃវិទ្យាស្ថានចិន​សម្រាប់ទំនាក់ទំនង​អន្តរជាតិ លើក​ឡើងបែប នេះនៅក្នុងបទ​សម្ភាសន៍ជាមួយ​សារព័ត៌មាន Sputnik នៅក្នុង​សប្ដាហ៍នេះ។ ថ្លែងនាឱកាស​នោះ​លោកស្រី Chen បានបញ្ជាក់​យ៉ាងដូច្នេះថា «គោលនយោបាយ​ដំឡើងពន្ធរបស់​លោក ត្រាំ និងការប្រកាស​ដកសហរដ្ឋអាមេរិក​ចេញពីកិច្ចព្រម​ព្រៀង TPP ជាដើម គឺជាសុទ្ធតែជា​ឱកាសមួយ​សម្រាប់ចិន ទាញយក​ប្រយោជន៍ តាមរយៈការ​សម្រេចឱ្យបាននូវ​កិច្ចព្រមព្រៀង RCEP ជាមួយបណ្ដា​ប្រទេសនៅក្នុង​តំបន់អាស៊ី យ៉ាងយូរ​នៅត្រឹម​ឆ្នាំ២០១៩»

លោកស្រី Chen បន្ថែមថា ការបង្កើតមធ្យោបាយថ្មី ដើម្បីទប់ទល់​នឹងសហរដ្ឋអាមេរិក ត្រូវការចាំបាច់​មានការចូលរួមពី ចិនជាមហាអំណាច​សេដ្ឋកិច្ចលេខ ២ និងជប៉ុនដែល​ជាមហាអំណាចសេដ្ឋកិច្ច​ទី ៣ នៅលើពិភពលោក ខណៈគោល នយោបាយគាំពារ​និយមរបស់លោក ត្រាំ បានបង្ខំឱ្យជប៉ុន​ចូលរួមក្នុងកិច្ច​ព្រមព្រៀង RCEP កាលពី​ខែកក្កដា​កន្លងទៅ ។

«យើងកំពុងមានការ​ព្រួយបារម្ភជាខ្លាំង​ ចំពោះការកើនឡើង​នៃគំនិតគាំពារនិយម​នៅលើ​ពិភពលោក... ដូច្នេះយើង​ទាំងអស់គ្នា​នៅក្នុងតំបន់អាស៊ី​ ត្រូវតែរួបរួមគ្នា ពីព្រោះអនាគត​របស់យើង​ គឺអាស្រ័យលើថា​តើយើងអាចរក្សា​គោលជំហរ ធ្វើពាណិជ្ជកម្ម​សេរី និងស្មោះត្រង់​បានដែរ ឬទេ»។ នេះគឺជាការ​គូសបញ្ជាក់របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អាបេ។

គួរបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីមួយរវាងសមាគមអាស៊ាន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកចំនួន០៦ រួមមាន អូស្រ្ដាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។ ចំណែកឯ​កិច្ចប្រជុំស្ដីពី​កិច្ចព្រមព្រៀងនេះ បានចាប់ផ្ដើមជា​ផ្លូវការកាលពី​ឆ្នាំ២០១២ នៅអំឡុងកិច្ច​ប្រជុំកំពូលអាស៊ាន​ក្នុងប្រទេស​កម្ពុជា៕