(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសសមាសភាពរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ហើយនោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូង នឹងចាប់ផ្ដើមនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅបន្ទប់ប្រជុំគណៈរដ្ឋមន្ដ្រី​ ជាន់ទី១ នៃវិមានសន្ដិភាព។

​​តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន​​បង្ហាញថា នៅក្នុងអាណត្តិថ្មីនេះ គណៈរដ្ឋមន្រ្តីមានចំនួនតិចជាងមុន មកត្រឹម៤៧រូប ក្នុងនោះមាននាយករដ្ឋមន្រ្តី១រូប គឺសម្តេចតេជោ ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តីមានចំនួន១០រូប (ដោយថែមថ្មី៣រូប), ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តី២៩រូប បណ្តាក្រសួងនៅដដែលទាំងអស់។

បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ត្រូវចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ៕