(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ដែលទើបត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រផ្ដល់តួនាទីជា «ទេសរដ្ឋមន្ដ្រី» នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្ដេជ្ញាធ្វើការងារទ្វេដងបន្ថែមទៀត។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបាទសូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរយ៉ាងក្លៀវក្លាជាទីបំផុត ចំពោះគណៈរដ្ឋមន្ដ្រីថ្មី ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងសូមសម្ដែងនូវកតញ្ញូតាដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលបានសម្រេចតែងតាំងខ្ញុំបាទ ជាទេសរដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា»

លោក គន់ គីម ដែលទើបនឹងតែងតាំងជាទេសរដ្ឋមន្ដ្រីនេះ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំបំពេញការងារទ្វេដងបន្ថែមទៀត ដើម្បីចូលរួមអនុវត្តគោលនយោបាយ យុទ្ធសាស្ដ្រ និងបទបញ្ជាទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនគ្រប់រូប។

សូមជម្រាបថា នៅអាណត្តិទី៥ នាយឧត្តមសេនីយ៍ គន់ គីម មានតួនាទីជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ ហើយត្រូវបានតម្លើងឋានៈជាទេសរដ្ឋមន្រី្ត ក្នុងសមាសភាពរាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៦នេះ។​

​ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាសម្រេចអនុម័តទាំងស្រុង​ នៅ​ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ បន្ទាប់ពីបានអនុម័តបង្កើត ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នៅរសៀលថ្ងៃទី០៦ ខែកញ្ញានេះ នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចា ប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ៕​