(ភ្នំពេញ)៖ ដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើន នាព្រឹកថ្ងៃអង្គារ៍ ៩រោច ខែស្រាពណ៍ ឆ្នាំចរ សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី បានចូលរួមជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅវត្ដនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

សមិទ្ធផលដែលត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន៖ មហាកុដិព្រះចៅ អធិការ១ខ្នង, សាលាឆាន់, សាលាបុណ្យ, កុដិតាជី, យាយជី, ផ្លូវបេតុង, បង្គោលភ្លើង និងរបងព័ទ្ធជុំវិញ ដែលជួយឧត្ថម្ភថវិកាពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវត្តនាគវ័ន និងបានមកពីសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទជិតឆ្ងាយ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីដឹកនាំនាវាកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងវិស័យព្រះពុទ្ធសាសនា បានរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិជួយកាត់បន្ថយភាពក្រីក្រ។ វិស័យព្រះពុទ្ធសាសនា ទីវត្ដអារាម គឺជាថ្នាលបណ្តុះបណ្ដាលព្រះសង្ឃ និងគ្រហស្ថ ដែលជាកូនចៅប្រជាពលរដ្ឋក្រីក្ររបស់យើងទាំងអស់គ្នា។ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមកសាងផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមពិសេសជាកន្លែងអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ សុជីវធម៌ ដល់ពុទ្ធបរិស័ទ និងមហាជនទូទៅឲ្យបានចំណេះដឹងខ្ពង់ខ្ពស់ទៅថ្ងៃអនាគត ជូនកូនចៅជំនាន់ក្រោយៗរបស់យើងផងដែរ។

លោកអភិបាលរាជធានី បានបញ្ជាក់ថា «សព្វថ្ងៃនេះប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស។ ប្រជាពលរដ្ឋរស់នៅ ក្រោមដំបូលសុខសន្តិភាព។ ប្រទេសជាតិមានសុខសន្តិភាពទើបយើង មានឱកាសគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

ជាមួយគ្នានេះដែរលោក ឃួង ស្រេង និងលោកស្រី បានអញ្ជើញពិនិត្យកុដិដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់ស្នាក់នៅរៀនសូត្រកាលពីកុមារភាព និងអុជធូបសុំសេចក្តីសុខសប្បាយ ជូនប្រជាពលរដ្ឋ ពុទ្ឋបរិស័ទ្ធ ក្នុងរាជធានីផងដែរ។

គួរបញ្ជាក់ថា នៅមុនដំណើរការ នៃពិធីខាងលើនេះ ពោលគឺកាលពីព្រឹកថ្ងៃម្សិលមិញ រដ្ឋបាលសាលាខណ្ឌទួលគោកដឹកនាំដោយលោក ឯក ឃុន ដឿន ជាអភិបាលខណ្ឌទួលគោក លោក មែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង និងមន្ត្រីរាជការ ការិយាល័យ និងក្រុមប្រឹក្សាសង្កាត់ទាំង១០ ព្រមទាំងប្រជាពលរដ្ឋ ចំណុះជើងវត្តនាគវ័ន បានរៀបចំពិធីក្រុងពាលីតាមបែបសាសនាមួយ ដើម្បីសុំសេចក្តីសុខ សេចក្តីចំរើន នៃពិធីសម្ពោធនេះផងដែរ៕