(ហ្សាកាតា)៖ ស្របពេលអត្តពលិកកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដោយជោគជ័យ នៅល្ងាចថ្ងៃទី០១ ខែកញ្ញានេះលោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូកកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បានរៀបចំកម្មវិធីជប់លៀងមួយ នៅសណ្ឋាគារ Grand Hyatt ដោយបានអញ្ជើញប្រតិភូ និងអត្តពលិកកម្ពុជាមួយចំនួន ពិសេសម្ចាស់មេដាយមាស និងសំរឹទ្ធចូលរួម ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្ត មុនប្រតិភូ និងអត្តពលិកជ័យលាភី ត្រូវចាកចេញពីឥណ្ឌូនេស៊ី នាដើមសប្ដាហ៍ក្រោយ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម បានឲ្យដឹងពីទីក្រុងហ្សាកាតា នាយប់នេះថា អំឡុងពេលប្រតិភូ និងអត្តពលិកកម្ពុជា បំពេញបេសកកម្មក្នុងការប្រកួតកីឡា Asian Games ឆ្នាំនេះ មន្ដ្រីទូត ពិសេសឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ីផ្ទាល់ បានយកចិត្តទុកដាក់ជាខ្លាំង តាំងពីថ្ងៃមកដល់ រហូតដល់ថ្ងៃចុងក្រោយ ដែលធ្វើឲ្យអត្តពលិកម្នាក់ៗទទួលបាននូវភាពកក់ក្ដៅ និងបង្កើននូវទំនុកចិត្តមួយផ្នែកទៀត ក្នុងការប្រកួតប្រជែង រហូតទទួលបានសមិទ្ធិផលគួរជាទីមោទនៈជូនជាតិមាតុភូមិ ។

លោកនិយាយថា «ក្នុងនាមនាយបេសកកម្ម ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តមឯកអគ្គរាជទូត និងមន្ដ្រីទូត ដែលបានសម្របសម្រួលការងារ និងបានជួយដោះស្រាយការងារ លំបាកមួយចំនួន នៅក្នុងប្រតិភូ និងកីឡាករ-កីឡាការិនីរបស់កម្ពុជា ។ មិនតែប៉ុណ្ណោះឯកអគ្គរាជទូត និងមន្ដ្រីទូត ក៏តែងចូលរួមលើកទឹកចិត្ត ជំរុញទឹកចិត្ត និងផ្ដល់កម្លាំងចិត្ត ដល់កីឡាករ-កីឡាការិនី ក្នុងការប្រកួតកីឡា Asian Games លើកទី១៨នេះ។ ហេតុនេះភាពជោគជ័យលើកនេះ ក៏មានការរួមចំណែកពីស្ថានទូត ឯកអគ្គរាជទូត និងមន្ដ្រីទូតផងដែរ»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ ការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី គឺបានបញ្ចប់ហើយ ខណៈកម្ពុជា ដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ឈរចំណាត់ថ្នាក់លេខ២៤ ក្នុងចំណោម ៤៥ប្រទេស ដោយមេដាយមាស ១ និងសំរឹទ្ធ ១ ដណ្ដើមបានដោយកីឡាករម៉ូតូទឹក សាលី អ៊ូមើត និងមេដាយមាស ១ ទៀត ដណ្ដើមបានដោយកីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្ររយៈពេល ៦៤ឆ្នាំរបស់កម្ពុជា ។ ប៉ុន្ដែប្រតិភូ និងអត្តពលិកកម្ពុជាមួយចំនួន មិនទាន់ធ្វើដំណើរនិវត្តន៍នោះទេ គឺរង់ចាំចូលរួមពិធីបិទការប្រកួតផ្លូវការ នាល្ងាចថ្ងៃអាទិត្យសិន បន្ទាប់មកចាកចេញពីឥណ្ឌូនេស៊ី នាថ្ងៃទី០៣ ខែកញ្ញា ។

សម្រាប់ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជា នឹងមកដល់មាតុភូមិ នាវេលាម៉ោង ៥៖៣៥នាទីល្ងាចថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមរៀបចំពិធីទទួលស្វាកមន៍យ៉ាងអធិកអធម តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានក្បួនដង្ហែរ អមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរពីព្រលានយន្ដហោះភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព ដើម្បីចូលជួបសម្ដែងការគួរសម្យសម្ដេចតេជោ ហ៊ុន សែន ខណៈសម្ដេចត្រៀមស្វាគមន៍ភ្លាមៗ នាល្ងាចថ្ងៃនោះ ហើយសម្ដេច ក៏ត្រៀមផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកជ័យលាភីនាឱកាសនោះផងដែរ ៕