(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរ​ការ​កំណែ​មុខ​វិជ្ជា​ទាំង​១០ ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ២០ សីហា ២០១៨ ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ។

តាមរយៈទំព័រ Facebook ផ្លូវការក្រសួងអប់រំ បានបញ្ជាក់ថា ការបញ្ចប់ទាំងស្រុងនេះ ក្រោមការ​​បំពេញ​ភារកិច្ច​យ៉ាងសកម្ម និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​ទាំងអស់ ព្រម​ទាំង​ការ​ចូលរួម​សង្កេត​ការណ៍​ជា​ប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់​ពី​បញ្ចប់​ដំណើរ​ការ​កំណែ ប្រធាន អនុ​ប្រធាន​មណ្ឌល​ទាំង​អស់ បាន​ដឹក​សន្លឹក MCS និង​ឯកសារ​ផ្សេងៗ​មក​រក្សាទុក​នៅ​នាយកដ្ឋានកិច្ចការប្រឡង ដើម្បី​ចាប់​ផ្ដើម​រៀប​ចំ​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ដោយឡែក​សន្លឹក​កិច្ចការ​របស់​បេក្ខជន ត្រូវ​បាន​ដឹក​មករក្សា​ទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។​

សូមជម្រាបថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​ ​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​១១៥,២៦៨នាក់ ស្រី​៥៨,១៥៨ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ​១៩៦​​​មណ្ឌល​ ក្នុង​​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម​មាន​៩៧​មណ្ឌល ត្រូវ​ជា​៤,៦៥៥​​បន្ទប់​ ទូទាំង​ប្រទេស៕​​​