(ប៉ាគីស្ថាន)៖ អ្នកស្រាវជ្រាវផ្នែកកសិកម្មជនជាតិចិន និងប៉ាគីស្ថាន បានទទួលជោគជ័យយ៉ាងធំធេង លើការបង្កាត់ពូជស្រូវសាលី ដែលមានគុណភាពខ្ពស់ជាច្រើនពូជ តាមរយៈការប្រើប្រាស់ពូជស្រូវសាលី កូនកាត់ពីរជួររបស់ចិន នៅប្រទេសប៉ាគីស្ថាន ចាប់តាំងពីឆ្នាំ២០១៦មក។

កាលពីខែវិច្ឆិកា២០១៦ ដើម្បីឱ្យប៉ាគីស្ថានអាចបំពេញឱ្យគ្រប់តម្រូវការដ៏ធំនៃស្រូវសាលី ជាពូជដំណាំដែលសំខាន់បំផុតនៅប្រទេសនេះ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រទាំងនេះ បានចាប់ផ្តើមសាកល្បងដាំស្រូវសាលី កូនកាត់របស់ចិន ហើយក៏បានរកឃើញធាតុពិត នៃធម្មជាតិរបស់គ្រាប់ស្រូវសាលី នៅមន្ទីរពិសោធន៍មួយ នៅសាកលវិទ្យាល័យផេសាវ៉ា (Peshawar)។

លោក ម៉ូហាមេដ អារីហ្វ កសិករ កសិដ្ឋានសាកល្បងរបស់សាកលវិទ្យាល័យផេសាវ៉ា និយាយថា «នេះគឺជាចំការរបស់ខ្ញុំ ដែលខ្ញុំដាំស្រូវសាលីកូនកាត់ ដែលទទួលបានពីមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មប៉េកាំងនៅប្រទេសចិន។ យើងបានធ្វើតេស្តស្រូវសាលីកូនកាត់នេះ នៅលើដីចំការនេះ។ នៅខាងក្រោយខ្ញុំនេះ គឺជាចំការដែលយើងដាំស្រូវជាជួរៗ។ ភាគច្រើននៃដំណាំទាំងនេះ គឺបានផលខ្ពស់ល្អណាស់»

បើទោះជាបានទទួលជោគជ័យ យ៉ាងលឿនក៏ដោយ ក៏អ្នកស្រាវជ្រាវទាំងនេះ នៅតែព្យាយាមរិះរកវិធីថ្មីៗ ដើម្បីធ្វើឱ្យស្រូវសាលីទាំងនេះ បន្សាំខ្លួនបានកាន់តែល្អ ទៅនឹងបរិស្ថាននៅទីនេះ ព្រមទាំងការពារសត្វល្អិតនិងជំងឺផងដែរ។

លោក អ៊ីកបាល់ មូន័រ នាយក វិទ្យាសា្ថនជីវបច្ចេកវិទ្យានិងវិស្វកម្មហ្ស៊ែន សាកលវិទ្យាល័យផេសាវ៉ា និយាយថា «អញ្ជឹង ស្រូវសាលីកូនកាត់ មានសមត្ថភាពទប់ទល់នឹងបញ្ហាអស់ទាំងនេះ និងអាចបង្កើនទិន្នផលស្រូវសាលីជាងទ្វេដងឯណោះ ព្រមទាំងអាចធានាបានដល់សន្តិសុខស្បៀង ទាំងសម្រាប់ប្រទេសយើងផង និងសម្រាប់ពិភពលោកទាំងមូលផង»

ប៉ាគីស្ថាន បានទទួលកំណើនផលិតកម្មស្រូវសាលី និងបច្ចេកវិទ្យាសម្រាប់កសិកម្ម ក្រោយពីបានប្រើពូជស្រូវសាលីកូនកាត់ជាច្រើនពូជ របស់ប្រទេសចិន។ ពូជស្រូវសាលីកូនកាត់ទាំងនេះ ក៏បានអភិវឌ្ឍកាន់តែល្អជាងមុនដែរ បើនិយាយអំពីភាពសុំាំ និង ភាពមានប្រៀបរបស់វា បើធៀបនឹងពូជស្រូវសាលីផ្សេងទៀត។

លោក ចាង សឹងឈាន់ ប្រធានផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ ក្រុមហ៊ុនពូជស្រូវសាលីកូនកាត់ (ប៉េកាំង) CNSGC និយាយទៀតថា «ការដោះដូរគ្នាទាំងនេះ ជាពិសេសគឺសហប្រតិបត្តិការអន្តរជាតិ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែ ក្រវ៉ាត់មួយផ្លូវមួយតែម្តង គឺបានជួយសម្រួលដល់ការអភិវឌ្ឍថ្មីៗ នៃបច្ចេកវិទ្យាកសិកម្មរបស់ប្រទេសចិន ព្រមទាំងបច្ចេកទេសដាំស្រូវសាលីកូនកាត់ពីរជួរផងដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)