(ចិន)៖ វិស័យលក់គ្រឿងសំអាង សម្រាប់ប្រើផ្ទាល់ខ្លួន នៅប្រទេសចិន មានតម្លៃទីផ្សារដល់ទៅជាង១៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៧។ ហើយនៅឆ្នាំ២០១៨នេះ គេព្យាករណ៍ថា វិស័យនេះនឹងមានតម្លៃទីផ្សារកាន់តែធំ រហូតដល់១០២ពាន់លានដុល្លារអាមេរិកឯណោះ។

ដោយមានផលិតផលជាច្រើន សម្រាប់ឱ្យអ្នកប្រើប្រាស់ជ្រើសរើស វិស័យលក់ទំនិញតាមអ៊ីនធើណេត កំពុងប្រព្រឹត្តទៅបានល្អជាងឆ្ងាយណាស់ បើប្រៀបធៀបជាមួយ វិស័យលក់ទំនិញតាមហាងធម្មតា។ ការលក់ទំនិញតាមអនឡាញ មានកំណើនខ្ពស់ជាងទ្វេដង បើធៀបនឹងការលក់មិនតាមអនឡាញ បើយោងតាមក្រុមហ៊ុនពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំរបស់ចិន អាលីបាបា ហ្គ្រុប។

ក្រុមហ៊ុន CBNData គឺជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់សេវាប្រឹក្សាយោបល់ អំពីបច្ចេកវិទ្យាទិន្នន័យធំ សម្រាប់អាជីវករនៅប្រទេសចិន។ ជាប្រធានក្រុមអ្នកវិភាគនៅទីនេះ អ្នកនាង លី សៀង និយាយថា កំណើននេះមានហេតុផលធំៗ២។ ទីមួយគឺដោយសារតែអ្នកទិញទំនិញវ័យក្មេង មានកម្លាំងនៃការទិញកាន់តែខ្លាំង។ ហើយទីពីរ គឺដោយសារតែសេវាលក់ទំនិញតាមអនឡាញ បានវាយលុកដល់ទីក្រុងលំដាប់ទាបៗ។

អ្នកនាង លី សៀង ប្រធានក្រុមអ្នកវិភាគ ក្រុមហ៊ុន CBN Data និយាយថា «ហេតុផលសំខាន់ទីមួយនោះគឺថា សព្វថ្ងៃភាគច្រើននៃអ្នកប្រើផលិតផលទាំងនេះ គឺជានារីវ័យក្មេង។ ពលរដ្ឋដែលកើតក្រោយឆ្នាំ១៩៨៥ គឺជាកម្លាំងស្នូលសម្រាប់វិស័យប្រើប្រាស់។ មនុស្សមួយក្រុមទៀតនោះ គឺក្រុមស្ត្រីវ័យក្មេងដែលកើតក្រោយឆ្នាំ១៩៩៥ ដែលត្រូវការប្រើផលិតផលទាំងនេះកាន់តែច្រើន។ អតិថិជនវ័យក្មេង និយមចង់ទិញផលិតផលទាំងឡាយណា ដែលអ្នកជំនាញផ្នែកថែរក្សាស្បែក និងសម្ផស្សណែនាំឱ្យប្រើ។ ហេតុផលទីពីរនោះ គឺដោយសារតែកំណើនតម្រូវការ របស់អតិថិជនដែលរស់នៅតាមទីក្រុងលំដាប់ទាបៗ។ បើធៀបនឹងបណ្តាទីក្រុងលំដាប់ទី១ ទីក្រុងលំដាប់ទាបៗទាំងនេះ មានកំណើននៃការលក់និងកំណើនចំនួនអតិថិជន លឿនជាងឆ្ងាយណាស់»

ការទិញផលិតផលថែរក្សាស្បែក និងសម្ផស្សមិនតាមអនឡាញ មិនមែនជារឿងស្រួលប៉ុន្មានទេ។ ប៉ុន្តែដើម្បីឱ្យការទិញមិនតាមអនឡាញ ដើរឱ្យទាន់ប្រជាប្រិយភាពរបស់ការទិញតាមអនឡាញ អាជីវករខ្លះបានប្រើបច្ចេកវិទ្យារូបពិតនិម្មិត AR ជាវិធីលក់រាយបែបថ្មី គួបផ្សំនឹងការផ្សព្វផ្សាយផលិតផលយ៉ាងសកម្ម។

លោក វ៉ាង យូ នាយកប្រតិបត្តិ ក្រុមហ៊ុន ភីខន (Pecon) និយាយថា «មានមួយផ្នែកទៀតដែលយើងមើលមិនឃើញ បើមើលពីសំបកក្រៅទៅ។ ដូចជាការអភិវឌ្ឍបច្ចេកវិទ្យាខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ដើម្បីធានាថាផលិតផលទាំងនេះ មានដាក់លក់នៅលើទីផ្សារឱ្យទាន់ពេលវេលា។ មួយទៀតនោះ គឺការតភ្ជាប់ជាមួយបណ្តាញសង្គម និងធនធានទិន្នន័យអនឡាញផ្សេងៗ ដែលគេអាចប្រើបាន ដើម្បីទាក់ទាញអតិថិជនឱ្យមកកាន់ហាង។ ផ្នែកទីផ្សារ និងទាក់ទាញអតិថិជន ត្រូវការបច្ចេកវិទ្យាដែលល្អជាងមុន»

អ្នកជំនាញផ្នែកលក់រាយ និយាយថា ទំនោររបស់ហាងលក់ទំនិញមិន តាមអនឡាញភាគច្រើន គឺចង់ធ្វើឱ្យអាជីវកម្មរបស់ខ្លួនដំណើរការ បានល្អជាងហាងលក់ទំនិញតាមអនឡាញ។ នោះក៏ដោយសារតែគេចង់បង្កើន ការលក់មិនតាមអនឡាញបន្ថែម ដោយចែករំលែកទិន្នន័យអំពីអ្នកប្រើប្រាស់ ដើម្បីណែនាំផលិតផលដល់អតិថិជន ឱ្យបានកាន់តែល្អ កាត់បន្ថយគម្លាតតម្លៃរវាងទំនិញ ដែលដាក់លក់លើអនឡាញ និងក្រៅអនឡាញ ព្រមទាំងដើម្បីបញ្ចូលបច្ចេកវិទ្យាទំនើបៗបន្ថែមទៀត ក្នុងគោលដៅចង់ឱ្យអតិថិជន ទទួលបានបទពិសោធន៍កាន់តែល្អ នៅពេលទិញទំនិញ៕ (សារព័ត៌មាន CCTV របស់ចិន)