(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់តំណាងឲ្យ១៦គ្រួសារ រស់នៅតាមផ្ទះល្វែងទល់មុខសាលាបឋមសិក្សាបឹងឈូក ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ តាមរយៈភ្នាក់ងារព័ត៌មាន Fresh News បានស្នើសុំយ៉ាងទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ ជួយមានវិធានការទប់ស្កាត់ចំពោះការបំពានទន្ទ្រានសាងសង់សំយ៉ាប ដែករឹងមាំរំលោភបិទដីចំណីផ្លូវសាធារណៈដល់ទៅជិត២ម៉ែត្រឯណោះ ដែលជាសម្បត្តិរួម សម្រាប់ការធ្វើដំណើរដោយថ្មើរជើងចេញចូលលំនៅដ្ឋាននិមួយៗរបស់ពួកគាត់ ពីសំណាក់ម្ចាស់បើក (ផាហ្វាស៊ីលក់ថ្នាំពេទ្យ និងពិនិត្យព្យាបាលជំងឺ) មួយកន្លែង នៅទល់មុខសាលាបឋមសិក្សាបឹងឈូក ដើម្បីពង្រីកទីតាំងរបស់ខ្លួនឲ្យកាន់តែធំទូលាយទាំងបំពានច្បាប់។

ទោះបីយ៉ាងណា លោក ស្ដើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានបញ្ជាក់តាមទូរស័ព្ទឲ្យដឹងថា ម្ចាស់ទីតាំងនេះកន្លងមក ធ្លាប់បានព្យាយាមលួចសាងសង់ទាំងបំពាន ដោយគ្នានស្នើសុំធ្វើច្បាប់ទម្លាប់ពីអាជ្ញាធរនោះទេ ដើម្បីឲ្យអាជ្ញាធរពន្យល់ណែនាំ ថាអាចសាងសង់បាន ឬក៏មិនបាននោះ ប៉ុន្តែការលួចសាងសង់សំយ៉ាបនោះត្រូវបរាជ័យ ដោយសារលោក ជា ពិសី ទទួលបានសេចក្ដីរាយការពីប្រជាពលរដ្ឋ ហើយបានចាត់ឲ្យមន្ត្រីចុះមានវិធានការទប់ស្កាត់ភ្លាមៗ ទាន់ពេលវេលាម្ដងរួចមកហើយ។ តែពេលថ្មីៗនេះ ស្រាប់តែមានការលួចសាងសង់ទាំងបំពាន ជាថ្មីម្ដងទៀត បណ្ដាលឲ្យប្រជាពលរដ្ឋទាំង១៦គ្រួសារ រស់នៅផ្ទះល្វែងជាប់ទីតាំងកើតហេតុ មានប្រតិកម្ម និងប្ដឹងមកអាជ្ញាធរ ដើម្បីមានវិធានការបន្តទៀត។

ជាការឆ្លើយតបរបស់លោកចៅសង្កាត់គីឡូម៉ែត្រលេខ៦ មកកាន់ភ្នាក់ងារព័ត៌មាន Fresh News បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីមានការលួចសាងសង់ទាំងបំពានគ្មានច្បាប់ទម្លាប់ជាថ្មីម្ដងទៀត ពីសំណាក់ម្ចាស់ទីតាំងបើក (លក់ថ្នាំពេទ្យ និងពិនិត្យព្យាបាលជំងឺផ្សេងៗ) និងបន្ទាប់ពីអាជ្ញាធរទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ១៦គ្រួសារផងនោះ លោកបានចាត់វិធានការភ្លាមៗ ដោយមិនបង្អង់យូរឡើយ ក្នុងនោះតម្រូវឲ្យម្ចាស់ទីតាំងផ្អាកការសាងសង់ជាបន្ទាន់ និងកំពុងរៀបចំដាក់លិខិតអញ្ជើញឲ្យម្ចាស់ទីតាំងចូលខ្លួនមកដោះស្រាយគ្នា ជាមួយប្រជាពលរដ្ឋទាំង១៦គ្រួសារ ក្នុងន័យបញ្ចប់រឿង បើមិនស្ដាប់តាមការណែនាំនោះទេ និងមានវិធានការរដ្ឋបាល ដែលអាចប្រឈមការខាតបង់ផលប្រយោជន៍ចំពោះម្ចាស់ទីតាំងមិនខានឡើយ៕