(ភ្នំពេញ)៖ លោកស្រី ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០១៨។

សេចក្តីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកស្រីនឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។

លោកស្រី ស៊ុសម៉ា ស្វារ៉ាច ក៏នឹងពិភាក្សាទ្វេភាគីជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អំពីបញ្ហាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការចាប់អារម្មណ៍ដូចគ្នា។

បើតាមសេចក្តីប្រកាស, បន្ទាប់ពីជំនួបទ្វេភាគី នឹងមានការចុះហត្ថលេខាលើឯកសារចំនួន៣ ដូចខាងក្រោម៖

១៖ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ នៅក្នុងស្រុកជាំក្សាន ខេត្តព្រះវិហារ ប្រទេសកម្ពុជា។

២៖ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងកិច្ចការគ្រួសារឥណ្ឌា និងក្រសួងសុខាភិបាលកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព និងឱសថ។

៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងវិទ្យាស្ថានការបរទេស នៃក្រសួងការបរទេសឥណ្ឌា។

ជាមួយគ្នានេះ លោកស្រី ស៊ុសម៉ា ស្វារ៉ាច គ្រោងអញ្ជើញទស្សនាប្រាសាទបុរាណមួយចំនួន នៅក្នុងខេត្តសៀមរាប រួមទាំងគម្រោងជួសជុលប្រាសាទតាព្រហ្ម ដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌាផងដែរ៕