(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចផ្តន្ទាទោស អ្នកស្រីទេព វន្នី រួមទាំងសកម្មជនបឹងកក់៥រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ ពាក់ព័ន្ធនឹងករណី «គំរាមថានឹងសម្លាប់» ដែលប្តឹងដោយ អតីត​ស្ត្រី​បឹងកក់ លោកស្រី លី មុំ ប៉ុន្តែទៅទាំងអស់នេះ តុលាការមិនឱ្យអនុវត្តនោះទេ គឺត្រូវព្យួរទាំងអស់។

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារ រួមទាំងសកម្មជនបឹងកក់៣រូបទៀត ក្នុងចំណោមជនជាប់ចោទ៦នាក់ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មី នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដើម្បីតទល់ក្នុងសវនាការនៃសំណុំរឿងមួយផ្សេងទៀត ដែលចោទប្រកាន់ពួកគេពីបទ ពាក់ព័ន្ធនឹងករណី «ប្រមាថ និងគំរាមថានឹងសម្លាប់» ដែលប្តឹងដោយ អតីត​ស្ត្រី​បឹងកក់ លោកស្រី លី មុំ។

ក្រុម​ស្ត្រី​បឹងកក់​៦​នាក់ ដែល​ជា​ជន​ជាប់​ចោទនៅក្នុងសំណុំរឿងនេះ រួម​មាន​​អ្នកស្រី ទេព វន្នី, លោកស្រី ហេង មុំ , លោកស្រី ង៉ែត ឃុន, លោកស្រី ឆេង លាភ, លោកស្រី គង់ ចាន់ថា និងលោកស្រី តុល ស្រីពៅ ដែលត្រូវ​បាន​លោកស្រី លី មុំ ដាក់​ពាក្យ​ប្ដឹង​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ និង​គំរាម​ថានឹង​សម្លាប់​ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ។

នៅក្នុងពេលបើកសវនាការជំនុំជម្រះនេះ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលុបចោលការចោទប្រកាន់ពីបទជេរ​ប្រមាថ​ជា​សាធារណៈ ប៉ុន្តែកាត់ទោសជនជាប់ចោទទាំង៦នាក់ ដាក់ពន្ធនាការម្នាក់ចំនូួន៦ខែ ពីបទ «គំរាម​ថានឹង​សម្លាប់» ប៉ុន្តែទោសនេះ ត្រូវព្យួរ មិនអនុវត្តនៅក្នុងពន្ធនាគារឡើយ។

ទោះជាយ៉ាងណា អ្នកស្រី ទេព វន្នី ជាជនជាប់ចោទម្នាក់ ក្នុងចំណោម៦នាក់ ពុំសុខចិត្តទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញនោះទេ។ អ្នកស្រីបានប្រាប់អ្នកសារព័ត៌មាន ក្រោយពេលចេញពីសវនាការថា អ្នកស្រីនឹងប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ នៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់អ្នកស្រី និងសកម្មជនដីធ្លីចំនួន៣នាក់ទៀតរួមមាន៖ អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា ដែលត្រូវបានផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល៦​ខែ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ និងលើកលែងទោសដល់អ្នកស្រី​ទេព​វ​ន្នី ដែលត្រូវបានតុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២​ឆ្នាំ០៦​ខែ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​អំណាច​សាលដីកា​លេខ​៥១ ចុះ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​ផងដែរ។​

ក្រោយមានព្រះរាជក្រឹត្យ និងដីកាដោះលែងនេះ សកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានដោះលែងចេញពីពន្ធនាគារ «ម២» នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តែម្តង៕