(សេអ៊ូល)៖ សាលាឧទ្ធរណ៍​មួយនៅកូរ៉េខាងត្បូង នាថ្ងៃសុក្រនេះបានសម្រេចផ្តន្ទាទោស​​អតីត​ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ឲ្យជាប់ពន្ធនាគាររយ​ពេល២៥ឆ្នាំ ពោលគឺមួយឆ្នាំលើសពីការសម្រេច​របស់តុលាការជាន់ទាប​ កាលពីខែមេសាកន្លងទៅ​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃ​សុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងសំណុំរឿងពុករលួយ ដែលបានធ្វើ​ឲ្យ​លោកស្រី ត្រូវគេទម្លាក់ចេញអំណាចកាលពីឆ្នាំ២០១៧នោះ តុលាការជាន់ខ្ពស់ខាងលើ​បានរកឃើញថា លោកស្រី ផាក ពិតជាមានទោសពីបទចោទប្រកាន់មួយចំនួន ក្នុងនោះរួមមានទាំងការស៊ីសំណូកសូកប៉ាន់ ហើយ​ការសម្រេចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី​តុលាការជាន់ទាប ​កាលពីខែមេសាកន្លងទៅ បានផ្តន្ទាទោស​ដាក់ពន្ធនាគារលោកស្រី ផាក សម្រាប់រយៈពេល២៤ឆ្នាំ ហើយពិន័យជាប្រាក់១៦លានដុល្លារ ដោយសារលោកស្រី បានផ្សំគំនិត​ជាមួយ​មិត្តភក្តិឈ្មោះ ឆយ ស៊ូនស៊ីល ដើម្បីប្រមូលយកលុយរាប់ពាន់លាន​វ៉ុន មកជួយ​ក្រុមគ្រួសាររបស់លោកស្រី ឆយ និងបញ្ចូលទៅចូលទៅក្នុង​​មូល​និធិ​​មិន​រក​ប្រាក់​កំរៃ​របស់​លោក​ស្រី។

គួរជម្រាបថា នាពេលនោះ ​ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានជំទាស់នឹងការសម្រេច​តុលាការជាន់ទាប ហើយស្នើឲ្យមានការដាក់ទោសឲ្យ​ធ្ងន់ជាង​នេះ៕