(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសគាំទ្រភាពជាដៃគូ រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Green Leader Holdings Group Limited របស់ចិន ដើម្បីអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតសំខាន់លើការពង្រឹងខ្សែសង្វាក់តម្លៃ (ដាំដុះ និងកែច្នៃ) សំដៅលើកស្ទួយឧស្សាហកម្មក្នុងស្រុក និងពង្រីកការនាំចេញ ទៅកាន់ទីផ្សារសាកលឱ្យបានជាអតិបរិមា។

ការប្រកាសរបស់លោកមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួម នៅក្នុងពិធីចុះហត្ថលេខា រវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader លើការបង្កើតមូលនិធិរួមគ្នា ដែលមានទឹកប្រាក់សរុប៨០ម៉ឺនដុល្លារ សម្រាប់អនុវត្តន៍ «គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា» ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ។

លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការលើកស្ទួយវិស័យដំឡូងមី ស្របតាមយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្ម (CTIS) និងគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា។ លោករដ្ឋមន្ត្រី បានបង្ហាញជំនឿថា មូលនិធិថ្មីនេះនឹងនាំមកនូវផ្លែផ្កា និងអត្ថប្រយោជន៍រួមសម្រាប់តួអង្គពាក់ព័ន្ធ ជាពិសេសកសិករដាំដុះដំឡូងមី ព្រមទាំងក្លាយជាគំរូហិរញ្ញវត្ថុថ្មី នៃភាពជាដៃគូរវាងវិស័យសាធារណៈ និងផ្នែកឯកជន។

លោក ប៉ាន សូរស័ក្ដិ បានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម និងអង្គការ UNDP បានប្តេជ្ញាក្នុងការដឹកនាំអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតលើការលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនព្រមទាំងទ្រទ្រង់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយការផ្តួចផ្តើមអនុវត្តន៍គម្រោងថ្ងៃនេះ ជាជំហ៊ានថ្មីមួយទៀត បន្ទាប់ពីគោលនយោបាយ អភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ។

លោកបានបញ្ជាក់ថា «គម្រោងថ្មីនេះនឹងផ្ដល់នូវគោលការណ៍ ណែនាំជាយុទ្ធសាស្ត្រ សម្រាប់ជំរុញវិស័យដំឡូងមី ដោយបង្កើតឱ្យមានកាលានុវត្តថ្មីៗ សម្រាប់ភាគីពាក់ព័ន្ធ រួមទាំងកសិករដាំដុះដំឡូងមី ដើម្បីទាញយកអត្ថប្រយោជន៍ផ្សេងៗ សំដៅពង្រឹងជីវភាពតាមរយៈការធ្វើកសិកម្ម»។

សូមជម្រាបថា គម្រោងជំរុញការអភិវឌ្ឍ ទីផ្សារដំឡូងមីនៅកម្ពុជា នឹងត្រូវអនុវត្តន៍ក្នុងរយៈពេល៣ឆ្នាំ៥ខែ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៨ ដល់ឆ្នាំ ២០២១។

តាមរយៈការចុះកិច្ចព្រមព្រៀងថ្ងៃនេះអង្គការ UNDP នឹងដឹកនាំបង្កើតគំរូ ការធ្វើកសិកម្មតាមកិច្ចសន្យា ដែលមានរចនាសម្ព័ន្ធ ខ្សែសង្វាក់ផ្គត់ផ្គង់ ជាមួយបរិយាកាសអំណោយផលក្នុងតំបន់ សម្រាប់ប្រតិបត្តិការគម្រោង ចំណែកក្រុមហ៊ុនចិន Green Leader នឹងធ្វើការសាងសង់រោងចក្រកែច្នៃម្សៅដំឡូងមី ជាមួយបច្ចេកវិទ្យាខ្ពស់ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលមានសមត្ថភាព ផលិតម្សៅដំឡូងមីប្រមាណ១លានតោន ក្នុងមួយឆ្នាំ ដើម្បីជួយប្រជាកសិករដាំដំឡូងមី នៅតាមបណ្តាខេត្តនានា ក្នុងការបង្កើនផលិតភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងធានាលំហូរ ពាណិជ្ជកម្មដំឡូងមី ប្រកបដោយនិរន្តភាព។

ដោយឡែក ក្រសួងពាណិជ្ជកម្ម នឹងបង្កើតវេទិកាសម្របសម្រួល សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សា អំពីបញ្ហាប្រឈម និងប្រមូលផ្តុំធនធាន ដើម្បីដោះស្រាយបញ្ហាប្រឈម (ចំណុចកដប)ដែលរាំងស្ទះដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលដំឡូងមីកម្ពុជា និងការធ្វើពិធិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារពិភពលោក៕