(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់ បន្តរឹតបន្តឹងការចុះល្បាត និងបង្រ្កាបនូវរាល់បទល្មើស ជាពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីផ្តល់នូវសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងវាសនាអនាគតរបស់កូនចៅយើងទាំងអស់គ្នា។

ការណែនាំរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ អាជ្ញាធរខណ្ឌទាំង១២ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង បានបន្តទៀតថា កន្លងមកនេះមានអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួន ហាក់មានការព្រងើយកណ្តើយ ចំពោះការបង្រ្កាប ការផ្សព្វផ្សាយ អប់រំ អំពីផលប៉ះពាល់ នៃគ្រឿងញៀន ទៅដល់មហាជន យុវជន ធ្វើឱ្យការប្រើប្រាស់គ្រឿងញៀន ត្រូវបានគេមើលឃើញថា មានករណីកើតឡើងជាច្រើន ជាពិសេសនៅពេលថ្មីៗនេះ មានការណីចរាចរគ្រឿងញៀនដ៏ធំមួយ ដែលត្រូវ កម្លាំងមានសមត្ថកិច្ច សហការគ្នាអន្តរាគមន៍ និងចាប់បាននៅក្នុងរាជធានីភ្នំពេញ។

ពាក់ព័ន្ធនិងបញ្ហានេះ ទើបគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានកោះប្រជុំដល់កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្នបង្កើនការរឹតបណ្តឹង ទាំងការទប់ស្កាត់ ការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នឹងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ តាមអនុសាសន៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺបំរើរាស្រ្តដោយស្មោះត្រង់បំផុតនិងបំរើកាន់តែទ្វេរឡើងថែមទៀត។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា បញ្ហាគ្រឿងញៀនផលប៉ះពាល់របស់វា មិនមែនចំពោះមនុស្សចាស់ឬក្មេងទេ គឺវាអាចកើតមានទាំងអស់ បើយើងមិនបានយកចិត្តទុកដាក់នោះ។ ប៉ុន្តែអ្វីដែលយើងត្រូវបានយកចិត្តទុកដាក់ខ្ពស់នោះគឺស្រទាប់យុវជននេះហើយ ដោយសារតែ យុវជនកម្លាំងស្នូល ជាទំពាំងស្នងឬស្សី ជាធនធានដ៏មានតម្លៃ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងនោះ លោកអភិបាលរាជធានី បាន​ផ្ដាំផ្ញើ​ដល់​អភិបាល​ខណ្ឌ​ទាំង​១២ អាជ្ញាធរ អង្គភាព​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​អនុវត្ត​តាមវិធានការ​ប្រយុទ្ធ បង្ការ បង្ក្រាប និង​ទប់ស្ដាត់បញ្ហា​គ្រឿងញៀនអោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួល​យកបាន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​។

លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងទៀយថា ការទប់ស្កាត់គ្រឿងញៀន ទទួលជោគជ័យទៅបាន គឺមិនមែនជាបន្ទុករបស់ស្ថាប័នណាមួយ ឬ បុគ្គលណាម្នាក់នោះទេ គឺជាការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ ដើម្បីជោគវាសនា អនាគត កូនចៅ យើងទាំងអស់គ្នា៕