(ភ្នំពេញ)៖ លោក ស៊ឺ សុភក្តិ នាយកប្រតិបត្តិបណ្តាញធុរកិច្ចអន្តរជាតិ (BNI) បានដឹកនាំក្រុមសហគ្រិន ដែលជាម្ចាស់ជីវកម្មផ្សេងៗ និងជាសមាជិកមកពីក្រុម BNI Empire Chapter ចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដោយការបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ «អាណាចក្រនៃក្តីសង្ឃឹម» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការឈាម និងជនរងគ្រោះដែលត្រូវការសង្រ្គោះបន្ទាន់។

ក្រុមសហគ្រិនបណ្តាញធុរកិច្ចអន្តរជាតិ ដែលធ្វើការបរិច្ចាគឈាមនេះ​ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលពិធីនោះដែរ​មានការចូលរួមពីសំណាក់ ភិក្ខុ វជិវប្បញ្ញោ គូ សុភាព, លោ វិជ្ជបណ្ឌិត ហុក កឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមសហគ្រិន ដែលជាម្ចាស់ជីវកម្មប្រមាណជិត១០០នាក់ផងដែរ។

លោក ស៊ឺ សុភក្តិ បានឱ្យដឹងថា គិតមកដល់ពេលនេះបណ្តាញក្រុមហ៊ុន BNI គឺបានធ្វើការបរិច្ចាគឈាម​៣ដងហើយ ដែលការបរិច្ចាគឈាមនេះគឺធ្វើទៅតាមក្រុមនីមួយៗ ហើយអ្នកដែលធ្វើការបរិច្ចាគឈាមនៅពេលនេះ គឺមកពីក្រុម BNI Empire Chapter ដែលមានម្ចាស់អាជីវកម្មប្រមាណ៣០នាក់ ចូលរួម រួមទាំងបុគ្គលិកនៃក្រុមហ៊ុនទាំងនោះមានប្រមាណ៦០នាក់ផងដែរ​​។  
លោកក៏បានបញ្ជាក់ទៀតថាអ្នកដែលបានមកចុះឈ្មោះប្រមាណ៦០នាក់នេះ គឺសុទ្ធតែជាអ្នកដែលបានតាំងចិត្តក្នុងការបរិច្ចាគឈាម ដោយឡែកនោះចំពោះលក្ខខណ្ឌនៃការបរិច្ចាគបាន ឬមិនបានអាស្រ័យទៅលើគ្រូពេទ្យដែលអាចឱ្យបរិច្ចាគបាន ឬក៏អត់។

លោកក៏បានបញ្ជាក់ទៀតថា មូលហេតុដែល BNI អាចប្រមូលផ្តុំគ្នាមកបរិច្ចាគឈាមនេះបាន គឺដោយសារតែក្រុមហ៊ុន BNI បានរៀបចំជាប្រព័ន្ធមួយ​ ដើម្បីជួយទៅដល់ម្ចាស់អាជីវកម្ម ដូចនេះម្ចាស់អាជីវកម្មទាំងអស់បានចូលរួមក្នុងប្រព័ន្ធ BNI ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ ដូចនេះហើយ ​BNI ក៏បានផ្តូចផ្តើមកម្មវិធីសប្បុរសនេះ ឡើងដើម្បីធ្វើការទំនាក់ទំនងឱ្យបានកាន់តែជិតស្និទ្ធដូចនេះ ហើយម្ចាស់អាជីវកម្មមិនត្រឹមតែជួយ ឱ្យអាជីវកម្មរបស់ពួកគាត់បានរីកចម្រើននោះទេ ថែមទាំងពួកគាត់អាចបានចូលរួមក្នុង​កម្មវិធីសប្បុរសធម៌ផ្សេងៗ កម្មវិធីសង្គម និងជាក់ស្តែងដូចជាកម្មវិធីបរិច្ចាគឈាមក្នុង​ថ្ងៃនេះផងដែរ។

លោក ហុក កឹមចេង បានឱ្យដឹងដែរថា ​ការដែលធ្វើឱ្យយុវជន និង​ប្រជាជនទាំងអស់បានយល់ដឹង ចូលរួមក្នុង​ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនេះ គឺវាបានធ្វើឱ្យមានភាពប្រសើរឡើងបន្តិចម្តងៗហើយ ប៉ុន្តែទោះបីជាយ៉ាងណាមជ្ឈមណ្ឌលជាតិផ្តលឈាម និង​ធ្វើការងារច្រើនទៀត ដោយសារតែអត្រាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺមានតែនៅក្នុងរង្វង់តែ៣០ភាគរយប៉ុណ្ណោះ ហើយមជ្ឈមណ្ឌលជាតិផ្តលឈាមចង់ ឱ្យបានការបរិច្ចាគឈាមមានរហូតទៅដល់៥០ភាគរយ នៅរយៈពេលពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយនឹងបន្តឱ្យមានការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តទាំងអស់គ្នាឱ្យបាន១០០ភាគរយតែម្តង ទៅតាមសេចក្តីត្រូវការរបស់អ្ន​កជម្ងឺគ្រប់មន្ទីពេទ្យទាំងអស់។​

លោកក៏បានបញ្ជាក់ទៀតថា​ មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅភ្នំពេញនេះ គឺទទួលបន្ទុកក្នុង​ការផ្គត់ផ្គង់ឈាម ទៅដល់មន្ទីពេទ្យទាំងអស់ដែលនៅក្នុង​រាជធានីភ្នំពេញ ដូច្នេះហើយការត្រូវការឈាមមានប្រមាណជិត២០០ផ្លោក ក្នុង១ថ្ងៃ​ ចំណែកការត្រូវការឈាមនៅតាមបណ្តាខេត្តទាំងអស់ មានតែ២០ភាគរយប៉ុណ្ណោះ ហើយមជ្ឈមណ្ឌលជាតិផ្តលឈាមនៅភ្នំពេញ មានការប្រើប្រាស់ឈាមនៅភ្នំពេញ រហូតទៅដល់៨០ភាគរយ នៅទូទាំងប្រទេស​ ដោយសារតែមានអ្នកជំងឺជាច្រើនបានមកស្នាក់នៅព្យាបាលនៅក្នុងរាជធានីភ្នំពេញ៕