(ភ្នំពេញ)៖ ក្រោមអំណោយរបស់សប្បុរសជន សហការជាមួយនឹងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ នឹងនាំយកនូវស្បៀង និងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ជិត៤០០គ្រួសារ ដែររស់នៅខេត្តស្ទឹងត្រែង និងក្រចេះ ។ក្នុងនោះ ខេត្តស្ទឹងត្រែង មានចំនួន ២៧០គ្រួសារ ដែលរស់នៅស្រុក សៀមបូក និង១២០គ្រួសារទៀត រស់នៅស្រុកឆ្លូង ខេត្តក្រចេះ ។

អំណោយដែលគ្រួសារនីមួយៗទទួលបានមានដូចជា៖ អង្ករ២០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ មី១កេស ស្ករស០១គីឡូ អំបិល០១គីឡូ ត្រី០១ យួរ និងប្រេងឆា០១យួរ ។សរុបទាំងខេត្ដរួមមាន អង្គរ៧,៨០០គីឡូក្រាម ទឹកត្រីចំនួន៣៩០យួរ ទឹកស៊ីអ៊ីវចំនួន៣៩០យួរ មី៣៩០កេស ស្ករសចំនួន៣៩០គីឡូ អំបិលចំនួន៣៩០គីឡូ ត្រីខកំប៉ុង៣៩០យួរ និងប្រេងឆាចំនួន៣៩០យួរ។ សរុបទឹកប្រាក់ចំនួន ៤៨,៤៦០,០០០រៀល ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ដែលដឹកនាំដោយផ្ទាល់ ដោយលោកស្រី ទេព កុលាប សាកលវិទ្យាធិការសកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) នឹងចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកសៀមបូក ខេត្ដស្ទឹងត្រែង និងថ្ងៃទី១៩ ខែសីហា នៅស្រុកឆ្លូង ខេត្ដក្រចេះ ៕