(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ កុមារកម្ពុជាចំនួន៧នាក់ ដែលកើតជំងឺបេះដូងពីកំណើត ទទួលបានការវះកាត់ដោយឥតគិតថ្លៃ តាមរយៈគម្រោងសប្បុរសធម៌ព្យាបាលជំងឺ បេះដូងនៅកម្ពុជា ក្រោមមូលនិធិមន្ទីរពេទ្យ «បំរ៉ុងរ៉ាត់» និងមន្ទីរពេទ្យអន្តរជាតិ «បំរ៉ុងរ៉ាត់» ប្រទេសថៃ រួមជាមួយនឹងស្ថានទូតថៃ ប្រចាំនៅប្រទេសកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ទីរពេទ្យកាល់ម៉ែត និងក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរ អេស៊ា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី គម្រោងសប្បុរសធម៌ ព្យាបាលជំងឺបេះដូងនៅកម្ពុជា ដែលជាគម្រោងមួយ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ប្រើប្រាស់ជំនាញឯកទេស និងធនធានផ្ទាល់របស់មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ដើម្បីផ្តល់ការវះកាត់ព្យាបាលជំងឺ បេះដូងពីកំណើតដោយឥតគិតថ្លៃ ជូនដល់កុមារ ក្នុងប្រទេសជិតខាង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្តរជាតិបំរ៉ុងរ៉ាត់ បានពង្រីកគម្រោងសប្បុរសធម៌មួយនេះ ដើម្បីជួយដល់កុមារនៅតាមបណ្តាប្រទេសជិតខាងជាច្រើនដូចជា៖ ប្រទេសមីយ៉ាន់ម៉ា និងវៀតណាមជាដើម ហើយឆ្នាំនេះបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ តាំងពីឆ្នាំ២០០៣ គម្រោងមួយនេះ បានជួយដល់អ្នកជំងឺបានជាង៧៧៥នាក់មកហើយ នៅប្រទេសថៃ ដើម្បីឲ្យពួកគេទទួលបានការព្យាបាល ហើយធ្វើឲ្យពួកគេ មានជីវិតស្រស់បំព្រងពោរពេញ ទៅដោយក្តីសង្ឃឹម សារជាថ្មីឡើងវិញ។

លោកស្រី Napas Paorohitaya តំណាងមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងជានាយកផ្នែកទីផ្សារ នៃមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានលើកឡើងថា «គម្រោងដែលផ្តល់ការវះកាត់បេះដូង សម្រាប់កុមារដែលមាន ជំងឺសរសៃ ឈាមបេះដូងពីកំណើត ត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណង ដើម្បីជួយកុមារ និងត្រូវការការវះកាត់បេះដូងពិតប្រាកដ បើមិនដូច្នេះទេ ពួកគេនឹងប្រឈម នឹងការស្លាប់មុនអាយុ ឬការលូតលាស់មិនប្រក្រតី»

លោកស្រី Napas Paorohitaya បន្ដទៀតថា ការវះកាត់បេះដូង គឺជាការងារដ៏ចាំបាច់ និងស្មុគស្មាញដែលតម្រូវ ឲ្យមានអ្នកជំនាញផ្នែកវេជ្ជសាស្រ្តខ្ពស់ និងអ្នកឯកទេសខាងវេជ្ជសាស្ត្រ ដែលមានបទពិសោធន៍។ លើសពីនេះទៀត ការវះកាត់មានតម្លៃខ្ពស់ ជាពិសេស សម្រាប់អ្នកជំងឺ ដែលត្រូវការជំនួយ។

តំណាងមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ រូបនេះថា នេះជាមូលហេតុ ដែលមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ត្រូវបានបង្កើតឡើង ដើម្បីធានាបានថា កុមារត្រូវបានព្យាបាលទាន់ពេលវេលា ដោយកាត់បន្ថយផលវិបាក និងអត្រា មរណភាព ស្របពេលដែលសុខភាពរបស់កុមារ ត្រូវបានលើកកម្ពស់។ មូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់ បានដាក់ដំណើរការគម្រោងនេះ ជាបន្តបន្ទាប់ដើម្បីជួយដល់ក្មេងៗ តាំងពីឆ្នាំ២០០៣មកម្ល៉េះ។

រហូតមកដល់ពេលនេះ កុមារដែលមានជំងឺបេះដូង ពីកំណើត ៧៧៥នាក់ នៅក្នុងប្រទេសថៃ បានទទួលការវះកាត់បេះដូង តាមរយៈគម្រោងនេះ។ ក្នុងអំឡុងពេលប្រាំឆ្នាំ កន្លងមកនេះ បន្ទាប់ពីគម្រោងនេះ ត្រូវបានបង្កើត ឡើង បានយ៉ាងល្អនៅក្នុងប្រទេសថៃ ជំនួយត្រូវបានពង្រីក ដល់បណ្តាប្រទេសជិតខាង ដូចជា មីយ៉ាន់ម៉ា និងវៀតណាម។ ហើយនៅឆ្នាំនេះ ក្នុងឱកាសគម្រប់ខួប៣៨ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យបំរ៉ុងរ៉ាត់ យើងបានប្តេជ្ញាបន្តផ្តល់ដំណោះស្រាយរបស់យើង ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។

ដើម្បីបង្ហាញពីទំនាក់ទំនង ដ៏កក់ក្តៅរវាងថៃ និងកម្ពុជា តាមរយៈកម្មវិធីសុខភាពសាធារណៈ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូនការវះកាត់បេះដូងដល់កុមារកម្ពុជា ចំនួន៧នាក់ ដែលមានជំងឺបេះដូង ពីកំណើត ដើម្បីវះកាត់ព្យាបាលនៅមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ក្នុងប្រទេសថៃ។ ការវះកាត់នេះ នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដែលអាចជួយសម្រួល ដល់ស្ថានភាពលំបាក របស់មន្ទីរពេទ្យនៅកម្ពុជា។ នេះជាការគូស បញ្ជាក់បន្ថែមរបស់លោកស្រី Napas Paorohitaya។

លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានថ្លែងថា «គម្រោងនេះ គឺជាបេសកកម្មដ៏ល្អ ឧត្តុង្គឧត្តមជាទីបំផុត។ គម្រោងនេះ មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតក្មេងៗ ដែលមានជីវភាពក្រីក្រ និងអស់ក្តីសង្ឃឹមទាំងនេះប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ពីចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពដ៏រឹងមាំរវាងប្រទេសថៃ និងប្រទេសកម្ពុជាទៀតផងដែរ»

គម្រោងសប្បុរសធម៌ ព្យាបាលជំងឺបេះដូងនេះ គឺស្តែងឲ្យឃើញពីភាពជាក់ច្បាស់រវាង «បេះដូង និងបេះដូង» ពោលគឺបញ្ជាក់ពីទឹកចិត្ត របស់ប្រទេសថៃ មានចំពោះប្រទេសកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរ អេស៊ា បានលើកឡើងថា «យើងពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាផ្នែកមួយ នៃគម្រោងដ៏អស្ចារ្យមួយនេះ និងបានជួយឧបត្ថម្ភគាំទ្រ ដល់កុមារដែលត្រូវការវះកាត់ជំងឺបេះដូង»។

នៅចំពោះមុខ អ៊ែរ អេស៊ា នឹងជួយដល់អ្នកជំងឺដែលបានជ្រើសរើសរួច រួមនឹងក្រុមគ្រួសាររបស់ពួកគេ ឲ្យបានធ្វើដំណើរតាមយន្តហោះ ដោយឥតគិតថ្លៃទៅកាន់ប្រទេសថៃ ដើម្បីធ្វើការវះកាត់ព្យាបាលជំងឺបេះដូង។ នេះគឺជាតួនាទី ដ៏មានអត្ថន័យសម្រាប់យើង ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការចូលរួមចំណែកជួយដល់អ្នកដែលមានតម្រូវការចាំបាច់នេះ។

លោកសាស្រា្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា «ក្នុងនាមជាប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះម្ចាស់ជំនួយ និងដៃគូទាំងអស់ នៃមូលនិធិនេះ»

លោកសាស្រា្តចារ្យ បន្ដទៀតថា «ខ្ញុំក៏សូមចូលរួមត្រេកអរផងដែរ ជាមួយនឹងកុមារ ដែលមានជំងឺបេះដូងពីកំណើតនេះ ដែលបានទទួលបានការវះកាត់ នៅមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ នៅប្រទេសថៃ ដោយឥតគិតថ្លៃ ដែលនេះ ជាជំនួយដ៏ធំសម្រាប់ប្រជាជនកម្ពុជា»។

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា នេះជាការចាប់ផ្តើម ចូលរួមចំណែកដល់កុមារកម្ពុជា ជាមួយមជ្ឈមណ្ឌលជំងឺបេះដូងភ្នំពេញ ដែលធ្លាប់បានជួយវះកាត់ និងពិនិត្យព្យាបាលកុមារកម្ពុជា ជាច្រើនមកហើយ ហើយគម្រោងនេះ នៅតែត្រូវការដៃគូសហការយូរអង្វែង សម្រាប់អនាគត តទៅទៀត»