(ព្រះវិហារ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិការទី០៦ ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនខេត្តព្រះវិហារ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សទូទាំងខេត្ត សមាជិកក្រុមការងារបក្ស មកពីមូលដ្ឋានខេត្ត-ស្រុក-ក្រុង ក្នុងទូរទាំងខេត្តព្រះវិហារ ចូលរួមប្រមាណជិត៦០០នាក់។

នៅឱកាសនោះដែរលោក អ៊ុន ចាន់ដា និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត​បានធ្វើសុន្ទរកថាស្វាគមន៍ នឹងរបាយការណ៍បូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិការទី០៦ ឆ្នាំ២០១៨ ដោយបានគូសបញ្ជាក់ថា ក្នុងដំណើឆ្ពោះទៅការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងមូលដ្ឋាន ដែលគណបក្សបានបង្កើតជាក្រុមការងារ ថ្នាក់កណ្តាលសម្រាប់ ចុះជួយមូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តរាល់កម្មវិធីនយោបាយរបស់គណបក្សក្នុងរយៈពេលកន្លង ទាំងកិច្ចដំណើការឃោសនា នឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងមក។

របាយការណ៍បូកសរុបវាយតម្លៃសកម្មភាពការងាររបស់ក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយមូលដ្ឋានខេត្ត ដែលក្រុមជំនួយការទទួល បានពីស្រុក និងក្រុងទាំង៨ របស់ខេត្តព្រះវិហារ បញ្ជាក់ច្បាស់ថា នៅទូរទាំងខេត្តព្រះវិហារ មានមានគណបក្សនយោបាយចំនួន១២ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិការទី០៦ នៃរដ្ឋសភា ឆ្នាំ២០១៨ ដែលរួមមាន៖ គណបក្សខ្មែររួបរួមជាតិ,​គណសញ្ជាតិកម្ពុជា,​គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ,​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ,​គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ,​គណបក្សខ្មែរសាធារណៈរដ្ឋ, គណបក្សខ្មែរឈប់ក្រ, គណប្សហ្វុនស៊ិនប៉ិច,​គណបក្សខ្មែរឈប់ក្រ,​គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,​និងគណបក្សប្រជាជនកម្ពុជា។

លោក អ៊ុន ចាន់ដា បានលើកឡើងទៀតថា ខេត្តព្រះវិហារ មានការិយាល័យបោះឆ្នោតចំនួន៣៣២ការិយាល័យ ប្រជាជនដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ មានចំនួន១២៣,៦៣៨នាក់ ក្នុងនោះមានសមាជិកគណបក្សប្រជាជនចំនួន ៨៨,៦៦៣នាក់ និងមានគ្រួសារបក្សចំនួន៤១,៨៤៦គ្រួសារ។ ស្ថានភាពការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និត្តការទី៥ ឆ្នាំ២០១៣ ខេត្តព្រះវិហារ​មាន២៥៣ការិយាល័យបោះឆ្នោត ប្រជាជនចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន១២៤,៨៤៦នាក់ ក្នុងនោះសមាជិកបក្សមានចំនួន ៨១,៦៦៣នាក់។

ក្នុងកិច្ចដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិការទី៦ ឆ្នាំ២០១៨នេះ នៅខេត្តព្រះវិហារ គណបក្សប្រជាជនកម្ពុជាយើងឈ្នះដាច់ ដែលទទួលបានសំលេងគាំទ្រពីប្រជាជនចំនួន៧៦,៥៨៨សម្លេង បើប្រៀបធៀបទៅនឹងសមជិកបក្សយើងដែលបានទៅបោះឆ្នោតចំនួន ៨២,២៧១នាក់ បើប្រៀបធៀបទៅនឹងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣កើន ដល់២២,៦៥៣សម្លេង។ ឆ្លងតាមអត្រានៃអ្នកអញ្ជើញទៅបោះឆ្នោតបើប្រៀបធៀប និងបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ផ្លូវការឆ្នាំ២០១៧ ក៏ដូចជាសម្លេងគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលប្រៀបធៀបខាងលើនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានប្រៀបឈ្នះ លើគណបក្សនយោបាយទាំង១១ ដែលចុះមកប្រគួតប្រជែងការបោះឆ្នោតនៅមណ្ឌលខេត្តព្រះវិហារ។

លទ្ធផលនៃការឈ្នះលើសលប់របស់គណបក្សប្រជាជនកម្ពុជានៅអាណត្តិទី០៦នេះ បានបង្ហាញឱ្យឃើញពីការបរាជ័យ និងមហិច្ឆិតា របស់ទណ្ឌិត សម រង្ស៊ី និងផែនការរបស់ពួកប្រឆាំងក្រៅច្បាប់ដែលបានប្រើឧបាយកល់ឃោសនាដល់ប្រជាជនថា (ដេកផ្ទះឈ្នះស្អាត) និងយុទ្ធសាស្ត្រម្រាមដៃស្អាត ត្រូវបានដួលរលំ បរាជ័យគ្រប់ជំហ៊ាន ទាំងនេះបានង្ហាញឱ្យឃើញពីប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរឹងមាំ មានស្ថេរភាព សន្តិភាព និងមានសណ្តាប់ធ្នាប់ផងដែរ។

លោក មាស សុភា ជំនួសមុខឱ្យប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមជំនួយការ ក្រុមការងារថ្នាក់កណ្តាលចុះ ជួយមូលដ្ឋានខេត្ត-ក្រុង-ស្រុក គ្រប់លំដាប់ថ្នាក់ទាំងអស់ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការកសាងសមិទ្ធិផលជាច្រើនសម្រាប់បំរើឱ្យសង្គមជាតិ។

លោក មាស សុភា ក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិការបក្ស និងប្រជាជនទូរទាំងខេត្តព្រះវិហារ ទាំងអស់ដែលបានផ្តល់នូវការគាំទ្រនឹងផ្តល់នូវការជឿរទុកចិត្តលើកការដឹកនាំប្រទេសរបស់គណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីដឹកប្រទេស។ លោក មាស សុភា បញ្ជាក់ទៀតថា ក្រោយទទួលជ័យជំនៈ គណប្រជាជនកម្ពុជា បន្តអនុវត្តរាល់កម្មវិធីនយោបាយក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន៕