(ព្រៃវែង)៖ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ អត្រាឈឺដោយជំងឺគ្រុនឈាម មានរហូតដល់ទៅ៧,១២៣ករណី ស្លាប់ចំនួន១១នាក់ទូទាំងប្រទេស ក្នុងនោះ ៨៥% បានកើតលើកុមារក្រោមអាយុ១៥ឆ្នាំ និង១៥% មនុស្សពេញវ័យ។

ជុំវិញករណីនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានជំរុញដល់មន្ទីរពេទ្យទូទាំងប្រទេស បន្ដយកចិត្ដទុកដាក់ខ្ពស់ និងបន្ដអនុវត្ដន៍ទៅតាមវិធាការណ៍ ដែលក្រសួងបានដាក់ឲ្យតាំងពីដើមឆ្នាំ២០១៨ និងអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋ​ពីរបៀបការពារជំងឺគ្រុនឈាម ខណៈដែលឆ្នាំនេះ ជាឆ្នាំដែលត្រូវដល់វដ្ដនៃការផ្ទុះ ឬរាលត្បាតធំម្ដងទៀត នៃជំងឺគ្រុនឈាម ដែលមិនមែនមាននៅកម្ពុជាទេ គឺមានកើតមានទូទាំងអាស៊ី វៀតណាម ថៃ ឡាវជាដើម។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ដ្រី ក្នុងឱកាសចុះសួរសុខអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែក ពារាំង ខេត្ដព្រៃវែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានណែនាំទៀតថា «វិធានការ ដើម្បីការពារពីជំងឺគ្រុនឈាម​ ដែលនឹងមានការផ្ទុះឡើង នឹងរាតត្បាតនៅឆ្នាំ២០១៨នេះ ដែលកើតមាននៅលើមនុស្សគ្រប់វ័យគឺគ្មានជម្រកមូសខ្លា គ្មានជំងឺគ្រុនឈាម ដូច្នេះត្រូវអនុវត្ដន៍វវិធានការដូចជា សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈកម្ទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹកឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ»

លើសពីនោះ លោកសាស្ដ្រាចារ្យបន្ដថា ត្រូវការពារខ្លួនក្នុងការខំាចម្លងរបស់មូសខ្លាញី តាមរយៈដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺ គ្រប់គ្រាន់នោះទេ ត្រូវរូសរាន់ស្វែងរកសេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀតរួមមាន មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងថា «ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង យើងបានអនុវត្ដន៍នូវវិធានការដើម្បីគ្រប់គ្រងហានិភ័យ នៃការរាលត្បាតដោយជំងឺគ្រុនឈាម ក្នុងឆ្នាំ២០១៨នេះ ឲ្យទាន់ពេលវេលារួចរាល់ហើយ ក្នុងការធ្វើផែនការសម្រាប់ភ្នាក់ងារសុខាភិបាល គឺចុះអនុវត្ដន៍ការងារឲ្យទាន់ពេលវេលា ដោយពង្រឹងបណ្ដាញគ្រប់គ្រងកម្មវិធីគ្រប់កម្រិតជាមួយដៃគូពាក់ព័ន្ធ, ពង្រឹងសេវាពិនិត្យ រោគវិនិច្ឆ័យ និងព្យាបាល ដោយក្ដាប់ចំនួនករណីឲ្យបានច្បាស់លាស់, ត្រូវពង្រឹងការងារគ្រប់គ្រងភ្នាក់ងារចម្លងរួមមានការវាយតម្លៃ ធ្វើបច្ចុប្បន្នភាព និងត្រៀមរៀបចំថ្នាំអាបែន ថ្នាំបាញ់មូស និងម៉ាស៊ីនបាញ់ថ្នាំមូស, ត្រូវលើកកម្ពស់សេវាអប់រំសុខភាពតាមសហគមន៍ សាលារៀន ទីប្រជុំជន និងវត្ដអារ៉ាម ជាមួយនឹងផ្ទាំងរូបភាព និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំងវិធានការការណ៍មួយចំនួនទៀត»។

លោកវេជ្ជបណ្ឌិត បន្ដថា «លើសពីនោះ យើងក៏បានចែកនូវមុងជ្រលក់ថ្នាំ ដល់មន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ក្រៅពីថ្នាំអាបែត ជាង៣៥០តោន ថ្នាំបាញ់មូស ដែលបានចែកចាយកន្លងមក ជាង៥,៦៩០លីត្រ ទូទាំងប្រទេស និងនៅក្នុងស្ដុកបន្ថែម១,៤០០លីត្រទៀត ដើម្បីត្រៀមទប់នឹងសភាពការណ៍ ព្រោះអីទៅតាមស្ថានភាពវិភាគ គឺ៥ទៅ៦ឆ្នាំ នឹងកើតមានជំងឺគ្រុនឈាមធំនេះម្ដង គឺអាចរាលត្បាតខ្លាំងម្ដង នេះមិនមែនមានតែនៅកម្ពុជាទេ គឺនៅទូទាំងពិភពលោក តែកាលពីឆ្នាំ២០១៧យើង មានសុវត្ថិភាព តែឆ្នាំ២០១៨នេះ វាអាចនឹងផ្ទុះឡើងនៃជំងឺគ្រុនឈាមនេះគ្រប់ពេល។ សម្រាប់នៅតាមមន្ទីរពេទ្យទូទាំង ប្រទេសវិញ គឺយើងបានត្រៀមរួចហើយ នូវសេរ៉ូមជិត៦ម៉ឺនកំប្លោកឯណោះ»។

ប្រទេសកម្ពុជាទទួលរងគ្រោះដោយការរាតត្បាត ក្នុងទ្រង់ទ្រាយធំ នៃជំងឺគ្រុនឈាមជាប្រចាំរវាង៣-៥ ឆ្នាំម្តង។ ចាប់ពីឆ្នាំ១៩៨០-២០១៧ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរ ពីការរាតត្បាតនៃជំងឺគ្រុនឈាម ដែលបណ្តាលមានកុមារប្រមាណ១០,០០០ ទៅ១២,០០០នាក់ ត្រូវដាក់ឲ្យសំរាកព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងនោះកុមារប្រមាណ១០០នាក់ បានស្លាប់បាត់បង់ជីវិតក្នុងមួយឆ្នាំៗ ។

សូមជម្រាបថា សម្រាប់ខេត្តដែលប្រឈម និងទទួលការរាតត្បាតជំងឺគ្រុនឈាម មានដូចជា កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ សៀមរាប ឧត្ដមមានជ័យ និងទីតាំងដែលកំពុងអភិវឌ្ឍ គឺរាជធានីភ្នំពេញ ៕