(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ជូននិស្សិតជ័យលាភីក្នុងមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ចចំនួន៣១៧នាក់ ស្រី១៦៧នាក់។

កម្មវិធីប្រគល់វិញ្ញាបនបត្រនេះធ្វើឡើង ក្រោមការចូលរួមពីសំណាក់លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ AEU ក្នុងនោះនិស្សិតជ័យលាភី ដែលត្រូវទទួលលិខិតសរសើររួមមាន៖ ឯកទេសគ្រប់គ្រង, ម៉ាឃីទីង, គណនេយ្យ, គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍ និង ធនាគារនិងហិរញ្ញវត្ថុ ដែលបានបញ្ចប់ការសិក្សា និងបានការពារសារណា ស្រាវជ្រាវជាប់ជាស្ថាពរ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ ។

លោក សាំង ចន្ធូ ព្រឹទ្ធបុរសរងមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ បានថ្លែងថា រៀងរាល់ឆ្នាំការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ សាកលវិទ្យាល័យតម្រូវឱ្យនិស្សិត ចុះធ្វើកម្មសិក្សាតាមបណ្តាក្រុមហ៊ុន និងអង្គភាពនានាទាំងរដ្ឋ និងឯកជន ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត តាមរយៈការសិក្សាស្រាវជ្រាវ លើដំណើរការប្រតិបត្តិ របស់ក្រុមហ៊ុន និងអង្គភាពដែលពាក់ព័ន្ធទៅនឹងជំនាញរបស់និស្សិត។

លោកបានបន្ដទៀតថា ការតម្រូវឲ្យចុះកម្មសិក្សានេះ គឺក្នុងគោលបំណងប្រមូល និងចងក្រងឯកសារ ក៏ដូចជាពិនិត្យមើល ការងារជាក់ស្តែងរបស់ក្រុមហ៊ុន ឬអង្គភាពយកមកសរសេរ និងចងក្រងដាក់ឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងតឹងរ៉ឹងបំផុត និងផ្តល់អនុសាសន៍នានា លើសារណាពីសំណាក់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃសារណា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងនោះដែរលោកក៏បាន សម្តែងការកោតសរសើរចំពោះលទ្ធផល ដែលជោគជ័យកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូននិស្សិតគ្រប់ឯកទេស ទាំងអស់។ លោក សាំង ចន្ធូ បានបញ្ជាក់ថា ពីមួយជំនាន់ទៅមួយជំនាន់ និស្សិតកាន់តែមានការយល់ដឹងទូលំទូលាយ ទៅលើកិច្ចការស្រាវជ្រាវ ដែលធ្វើឱ្យនិស្សិតគ្រប់រូប ទទួលបាននូវសមត្ថភាព ចំណេះជំនាញ ឆ្លើយតបទៅនឹងទីផ្សារការងារ។

លោកបណ្ឌិត ជា សុភាព បានថ្លែងថា សាកលវិទ្យាល័យ AEU បានកំណត់នូវចក្ខុវិស័យ បេសកកម្ម និងគោលបំណងរបស់ខ្លួនច្បាស់លាស់ ជាពិសេសបានរៀបចំនូវយន្តការ ក៏ដូចជាគោលនយោបាយ ជំរុញដល់ការស្រាវជ្រាវដល់និស្សិតគ្រប់កម្រិត មិនតែប៉ុណ្ណោះសាកលវិទ្យាល័យក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីផ្ដល់ភាពងាយស្រួល ដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតក្នុងកិច្ចការ ស្រាវជ្រាវផងដែរ។

លោកបណ្ឌិត ក៏បានជំរុញលើកទឹកចិត្ត ឱ្យបងប្អូននិស្សិតជ័យលាភីសារណា ជំនាន់ទី១៧ទាំងអស់ត្រូវបន្តចូលរួម ក្នុងដំណើរការកិច្ចការស្រាវជ្រាវឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ក្នុងការពង្រឹងពុទ្ធិជំនាញ កាន់តែប្រសើរក្នុងគោលបំណងអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ។

លោកបណ្ឌិតបញ្ជាក់ទៀតថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែយកចិត្តទុកដាក់ទៅលើគុណភាព នៃការបណ្តុះបណ្តាល ពិសេសជំរុញ និងលើកស្ទួយកិច្ចការស្រាវជ្រាវ តាមគ្រប់រូបភាពដោយមានសម្ភាររូបវ័ន្តទំនើបៗ និងមានកម្មវិធីសិក្សា ច្បាស់លាស់ស្របតាមស្តង់ដា ព្រមទាំងមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋានកាន់តែច្រើនឡើងៗ
ព្រមទាំងមានការទទួលស្គាល់ ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) និងដៃគូអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅប្រទេសផងដែរ៕