(ភ្នំពេញ)៖ ប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៥ប្រភេទកីឡា បានចាកចេញពីមាតុភូមិហើយ នៅថ្ងៃទី១៧ ខែសីហានេះ ដើម្បីចូលរួមប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមជាមួយគ្នានេះលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់ផែនការដ៏ម៉ឺងម៉ាត់ ដោយកម្ពុជាត្រូវប្ដេជ្ញាដណ្ដើមមេដាយមាសឲ្យបានយ៉ាងតិច ២គ្រឿង ដើម្បីសម្រេចផែនការយុទ្ធសាស្ដ្រ និងមោទនភាពជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញលោក ថោង ខុន បានថ្លែងថា «ការចេញដំណើរនេះ គឺពោរពេញដោយក្ដីសង្ឃឹម ព្រោះកាលពីឆ្នាំ២០១៤ តាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល និង NOCC គឺធ្វើម៉េចដណ្ដើមឲ្យបានមេដាយមាស១ ហើយពេលនោះយើងបានសម្រេចមែន ដោយកីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសជូនជាតិលើកដំបូង ក្នុងរយៈពេល៦០ឆ្នាំ។ ប៉ុន្ដែឆ្នាំនេះ យើងបានប្ដេជ្ញាចិត្តទាំងអស់គ្នា ដោយធ្វើយ៉ាងម៉េចដណ្ដើមបានមេដាយមាសលើសពី ២គ្រឿងជូនប្រទេសជាតិ ក្រៅពីមេដាយប្រាក់ និងមេដាយសំរឹទ្ធ»

ជុំវិញការអះអាងបែបនេះ ដោយសារលោករដ្ឋមន្ដ្រីដាក់ការជឿជាក់លើកីឡា ៤ប្រភេទ ដែលជាក្ដីសង្ឃឹមដណ្ដើមមេដាយមាស គឺកីឡាសូហ្វតេន្នីស ម៉ូតូទឹក ជឺជិតស៊ូ និងកីឡាតេក្វាន់ដូ ពិសេសវីរកីឡាការិនី ស៊ន សៀវម៉ី ដែលត្រូវដើរតួជាអ្នកការពារមេដាយមាសផ្ទាល់តែម្ដង។ រីឯកីឡាផ្សេងៗទៀត លោកក៏រំពឹងពួកគេនឹងធ្វើបានល្អ ដើម្បីនាំមកនូវកិត្តិយសជាតិ និងខ្លួនឯងផងដែរ។ ជារួមលោកមិនមានការព្រួយបារម្ភឡើយ ចំពោះបេសកកម្មលើកនេះ ព្រោះលោកបានមើលឃើញពីសន្ទុះរីកចម្រើន និងការត្រៀមខ្លួនបានយ៉ាងល្អរបស់ប្រភេទកីឡានីមួយៗ។

ចំពោះប្រភេទកីឡា បានចេញដំណើរថ្ងៃនេះ រួមមានអត្តពលិកកីឡាចំបាប់ ហែលទឹក គុនដាវ កាយសម្ព័ន្ធ និងកីឡាម៉ូតូទឹក ដែលដឹកនាំដោយលោក ថោង ខុន និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម។ ប៉ុន្ដែកាលពីម្សិលមិញមានកីឡា ១ប្រភេទបានចេញដំណើរហើយ គឺកីឡាតេក្វាន់ដូ ហើយក្រោយទៅដល់ឥណ្ឌូនេស៊ី ប្រតិភូ និងអត្តពលិកកម្ពុជា ដែលទៅដល់មុន នឹងត្រៀមខ្លួនចូលរួមពិធីបើកការប្រកួតផ្លូវការ នៅល្ងាចថ្ងៃទី១៨ ខែសីហាស្អែក។ រីឯកីឡា ៧ប្រភេទទៀត ត្រូវធ្វើដំណើរទៅតាមក្រោយជាបន្ដបន្ទាប់ ដើម្បីត្រៀមការប្រកួតតាមកម្មវិធីរបស់កីឡានីមួយៗ។

សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្ត តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រកួតកីឡា Asian Games នេះ រួមមានមេដាយមាស ៨០លានរៀល, មេដាយប្រាក់ ៤០លានរៀល និងមេដាយសំរឹទ្ធ ២៤លានរៀល។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានត្រៀមថវិកាផ្ទាល់ ដើម្បីលើទឹកចិត្ត ចំពោះអត្តពលិកដណ្ដើមបានមេដាយមាសជូនជាតិផងដែរ។ ដូច្នេះថ្នាក់ដឹកនាំ NOCC បានអំពាវនាវដល់ក្រុមហ៊ុនឯកជននានា ចូលរួមឧបត្ថម្ភ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា រួមទាំងស្ថាប័នកីឡាកំពូល NOCC ផងដែរ ដើម្បីបន្ដនិរន្ដរភាព ការអភិវឌ្ឍន៍ និងដឹកនាំអត្តពលិកកម្ពុជា ឆ្ពោះទៅដណ្ដើមមេដាយលើឆាកអន្ដរជាតិកាន់តែច្រើនបន្ថែមទៀត៕