(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម មានទាំងកម្លាំងនគរបាល និងខណ្ឌរដ្ឋបាលជលផលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំកោះសំរោង និងឃុំអូរទួលរកា ស្រុកកំពង់សៀម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេះ លោកបានចាត់បញ្ជា អធិការនគរបាលស្រុកកំពង់សៀម សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្រ្ត​ឃុំកោះសំរោង និង​អូរទួលរកា ស្រុកកំពង់សៀម​។​

បើតាមលោកឧត្តមសេនីយ៍ស្នងការ ​ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញដកហូតបាន លបស្បៃ (សៃ) ចំនួន៦វង់, ព្រួល​ប្រវែង៣០០ម៉ែត្រ, បង្គោលឬស្សីចំនួន៩០ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន៦០គីឡូក្រាម។ ចំពោះសម្ភារឧបករណ៍វត្ថុតាង បានដុតបំផ្លាញចោលនៅនិងកន្លែង៕