(ភ្នំពេញ)៖​ នេះជាលើកទី២ហើយ​ដែលរឿង​ «បណ្តឹងស្រីទាំង៥» ត្រូវបានអ្នកដឹកនាំរឿងល្បីឈ្មោះ​ លោកស្រី​ ពាន់ ភួងបុប្ផា​ យកមកដាក់បញ្ចាំងនៅរោងភាពយន្ត​ ដោយលោកស្រី រំពឹងខ្ពស់ថា​ នឹងជោគជ័យ​កាន់តែខ្លាំង​ ព្រោះថា ការយករឿងនេះ​ មកបញ្ចាំងគឺមកពីមានទស្សនិកជនច្រើនសំណូមពរ​ ហើយឈុតឆាកក្នុងរឿងមួយចំនួន​ បានកែច្នៃខ្លះ ​និងកាន់តែល្អមើលជាងមុន។

លោកស្រី​ ពាន់​ ភួង​បុប្ផា​ បានប្រាប់​ Fresh News ឲ្យដឹងថា​ នេះជាលើកទី២ហើយ​ ដែលរឿងនេះ​ បានយកមកបញ្ចាំង​នៅរោងភាពយន្ត​ ដោយសារតែខាងរោងភាពយន្ត​ និងទស្សនិកជនច្រើន​ ចង់ឲ្យបញ្ចាំងរឿងនេះម្តងទៀត​ ទើបលោកស្រី និងផលិតកម្ម​ Power film សហការគ្នាយករឿងនេះមកបញ្ចាំងជាថ្មី។

លោកស្រីបានបង្ហាញភាពជឿជាក់ថា​ ស្ទើរតែគ្រប់សាច់រប់លោកស្រី​ គឺជាប្រភេទរឿងអប់រំ​ ដូចជារឿង​ដែលដាក់បញ្ចាំងនេះ​ គឺលោកស្រីបានបង្កប់ន័យអប់រំមួយចំនួន​ និងប្រមូលម្តុំតារាសម្តែង សុទ្ធតែជាតារាល្បីៗនៅក្នុងប្រទេស។

ដូច្នេះទស្សនិកជនអាចមកទស្សនា​ រឿង​ «​បណ្តឹងស្រីទាំង៥»​ បាននៅគ្រ​ប់រោងភាពយន្ត៕