(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ដោយហាមប្រាមដាច់ខាត​មិនឲ្យប្រើប្រាស់ និងប្រកាសប្រមូលយកឱសថបំប៉នផ្លូវភេទ បុរស២ប្រភេទមានឈ្មោះ AMOUR និង NANO-G មកកម្ទេចចោលជាបន្ទាន់ ព្រោះឱសថទាំង​២ប្រភេទនេះ គ្មានការចុះបញ្ជីកា និងការត្រួតពិនិត្យត្រឹមត្រូវ ពីក្រសួងសុខាភិបាលឡើយ ដែលប្រើប្រាស់ទៅបណ្ដាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត(ស្លាប់ដោយសារការគាំងបេះដូង)។

យោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការប្រកាសហាមមិនឲ្យប្រើប្រាស់ ឱសថបំប៉នផ្លូវភេទបុរសទាំង២ប្រភេទនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបាន​ពិនិត្យ​ឃើញថា ថ្មីៗនេះមានការបង្ហោះលក់ យ៉ាងព្រោងព្រាតលើបណ្ដាញសង្គម Facebook ឱសថនេះនាំចូលពីប្រទេសបារាំង គ្មានអាសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានការចុះបញ្ជី គ្មានការត្រួតពិនិត្យ​គុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ​ពីក្រសួងសុខាភិបាលនោះឡើយ។

យោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល ឲ្យដឹងទៀតថា មានគណនីមួយចំនួន បានផ្សព្វផ្សាយពីផលិតផល​ទាំង​២ប្រភេទនេះ ហួសពីការពិតដូចជា៖ ការប្រើប្រាស់ថ្នាំទាំង២ប្រភេទនេះ នឹងជួយសម្រួលដល់ប្រដាប់ភេទទន់ជ្រាយ​ ឆាប់ចេញទឹកកាម និងជួយសម្រួលដល់ការឡើងសម្ពាធឈាម ជាតិអាស៊ីត និងជាតិស្ករ ព្រមទាំងការជួយព្យាបាល​ឈឺសន្លាក់ដៃជើង ឈឺចង្កេះ ចុករោយខ្នងជាដើម។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬឈានដល់ការបាត់បង់ជីវិត ដោយប្រការណាមួយ ​ក្រសួងសុខភិបាល សូមឲ្យបញ្ឈប់ជាបន្ទាន់ក្នុងការប្រើប្រាស់ឱសថទាំង២ប្រភេទនេះ។ ដោយឡែកសម្រាប់​គណនីដែលបានផ្សព្វផ្សាយលក់ ត្រូវបញ្ឈប់ការនាំចូល ចែកចាយ លក់ និងផ្សព្វផ្សាយជាបន្ទាប់ បើពុំដូច្នេះទេក្រសួងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕