(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រៅពីចូលរួមជំរុញឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ គោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់មហាអំណាចចិន ក៏បានចូលរួមជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យសហជីពរបស់កម្ពុជា និងចិនកាន់តែល្អប្រសើរផងដែរ តាមរយៈការការពារផលប្រយោជន៍កម្មករ និងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក។

លោករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយ គណៈប្រតិភូសហព័ន្ធសហជីពខេត្តយូណាន (YPFTU) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក HUANG ZENGQIANG អនុប្រធានសមាគមមិត្តភាពបរទេស នៃសហព័ន្ធសហជីពខេត្តយូណាន រួមជាមួយវត្តមានរបស់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជារបស់លោក សោម អូន ជាមួយសហព័ន្ធសហជីពខេត្តយូណាន ដែលបានខិតខំពង្រីក និងពង្រឹងទំនាក់ទំនងលើវិស័យសហជីព និងវិស័យជាច្រើនទៀត ដែលជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន ក៏ដូចជារវាងកម្មករ និងកម្មករ។

លោករដ្ឋមន្ត្រីបន្តថា កិច្ចសហប្រតិបត្តិការនេះបានរួមវិភាគទាននៅក្នុងចំណងមិត្តភាពនៃប្រទេសទាំងពីរ កម្ពុជា-ចិន ស្របនឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខដឹកនាំប្រទេសទាំងពីរ ដែលមានសម្ដេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជិនពីង ពិសេសគឺស្របនឹងគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់មហាអំណាចចិនផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីការស្វាគមន៍ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ជាមួយសហព័ន្ធសហជីពខេត្តយូណាន (YPFTU) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តខិតខំការពារប្រយោជន៍របស់កម្មករនិយោជិតទាំងអស់គ្នា។

លោក អ៉ិត សំហេង បានបញ្ជាក់ថា ក្រៅពីទំនាក់ទំនងលើវិស័យនយោបាយ វិស័យវិនិយោគ វិស័យទេសចរណ៍ជាដើមនោះ វិស័យសហជីពរបស់ប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អជាមួយគ្នាដែរ ហើយតាមរយៈជោគជ័យរបស់គណបក្សប្រជាជន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅ ក៏រឹតតែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងប្រទេសចិនកាន់តែល្អប្រសើរផងដែរ។

ចំណែកឯលោក HUANG ZENGQIANG បានឱ្យដឹងថា ដោយសារគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ១០០% នៅក្នុងរដ្ឋសភា បន្តដឹកនាំប្រទេសកម្ពុជាទៀតនោះ លោកជឿជាក់ថា សហជីពចិន និងសហជីពកម្ពុជា នឹងអនុលោមទៅតាមគោនយោបាយផ្លូវមួយខ្សែក្រវាត់មួយ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរកាន់តែប្រសើរជាងមុន។

លោកថា សហជីពលោកនឹងសហការជាមួយសហជីពកម្ពុជា ក្នុងការបន្តខិតខំដោះស្រាយបញ្ហាជូនកម្មករនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានបង្ហាញការជឿជាក់ និងជំរុញដល់ភាគីសហជីពចិន និងភាគីសហជីពកម្ពុជា គប្បីស្វែងរកកិច្ចសហប្រតិបត្តិការល្អៗជាមួយគ្នាបន្ថែមទៀត ខណៈនៅប្រទេសចិនមានសហជីពធំៗច្រើន ធនធានមនុស្ស ហិរញ្ញវត្ថុ បទពិសោធន៍ក៏ច្រើនដែរ៕