(ភ្នំពេញ)៖ ក្រោយបរាជ័យផ្ទួនៗនៅក្នុងជីវិតនយោបាយដោយសារតែមិនអាចបោករាស្ត្រខ្មែរជាង៨០ភាគរយ ឲ្យជឿតាមខ្លួនក្នុងការមិនឲ្យទៅចូលរួមបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨បាននោះ ទណ្ឌិត សម រង្ស៊ី បានចាប់ផ្ដើមក្រពុលមុខខ្លាំងឡើងៗហើយរហូតដល់សូម្បីតែទឹកសមុទ្ររបស់ខ្មែរក៏លោក ដៀលត្មេះថា មិនត្រជាក់ស្រួលខ្លួន ដូចទឹកសមុទ្ររបស់ប្រទេសគេដែរ។

ក្រោយបរាជ័យក្នុងការអំពាវនាវដល់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងអ្នកនយោបាយផ្សេងៗទៀតកុំឲ្យចូលរួមបោះឆ្នោត និងទៅបោះឆ្នោតរួចមកនោះ ទណ្ឌិត សម រង្ស៊ី មិនត្រឹមតែ ដៀលពួកគេជាអាយ៉ង ជាពួកអត់បានការ ជាស្លឹកចេកដែលគេខ្ចប់ហើយបោះចោលប៉ុណ្ណោះទេ សូម្បីតែទឹកសមុទ្រខ្មែរដែលជាវត្ថុ ឥតវិញ្ញាណសោះក៏លោកហ៊ានដៀលត្មេះថា ចាញ់ទឹកសមុទ្របរទេសទៅវិញ។

ម្សិលមិញនេះ ខណៈទណ្ឌិត សម រង្ស៊ី នាំចៅៗទៅងូតទឹកសមុទ្រលេងនៅឯប្រទេសបារាំងនោះ លោកបានសរសេរសារបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា «ងូតទឹកសមុទ្រ ជាមួយចៅនៅប្រទេសបារាំង។ សមុទ្រស្រុកគេត្រជាក់ជាងស្រុកយើងឆ្ងាយណាស់» ដែលការអះអាងរបស់លោកខាងលើនេះ វាមិនខុសពីលោក មើលងាយទឹកសមុទ្ររបស់ខ្មែរ យើងថា ក្ដៅ មិនស្អាត មិនល្អដូចទឹកសមុទ្ររបស់ប្រទេសបារាំង។ ការនិយមតែរបស់បរទេស យកបរទេសធ្វើជាចៅហ្វានាយជំនួសឲ្យខ្មែរដែលជាជាតិសាសន៏ខ្លួនឯងបែបនេះ វាផ្ទុយទៅនឹងអ្វីដែលលោកតែងតែអះអាងយ៉ាងរត់មាត់ដូចសត្វសេកថា លោកស្នេហាជាតិ លោកស្រលាញ់ជាតិ ស្រលាញ់ប្រជាជន តែធាតុពិត កុំថាឡើយជាតិ និងប្រជាជន សូម្បីតែទឹកសមុទ្ររបស់ខ្លួនឯងសោះក៏លោកមិនឲ្យតម្លៃ និងម៉ាក់ងាយដែរ​ ខុសពីជាតិសាសន៏ដ៏ទៃដែលបានផ្ដល់តម្លៃឲ្យសមុទ្រខ្មែរ រហូតវាយតម្លៃឲ្យសមុទ្រខ្មែរជាប់ចំណាត់ថ្នាក់ ជាឆ្នេរសមុទ្រដែលស្រស់ស្អាតជាងគេលើពិភពលោកទៀតផង។

ចរិតធ្វើនយោបាយនិយមបរទេស យកបរទេសធ្វើជាចៅហ្វាយនាយរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក កុំថាឡើយសង្ឃឹមឈ្នះឆ្នោតនោះ សូម្បីធ្វើនយោបាយ រហូតដល់ចាស់អស់ ជីវិតទៀតក៏ កុំសង្ឃឹមថាបានឈ្នះឆ្នោតឲ្យសោះ ព្រោះរាស្ត្រខ្មែរសម័យនេះយល់ដឹងពីអ្វីជារបស់ខ្មែរ ជាជាតិសាសន៏ខ្មែរខ្លួនឯងមានប្រយោជន៏ជាងជាតិសាសន៏ដ៏ទៃ ច្បាស់លាស់ណាស់។ ហើយពិសេសទៀតនោះបើទណ្ឌិត សម រង្ស៊ី ពោលថា ទឹកសមុទ្រនៅប្រទេសបារាំងត្រជាក់ស្រួលជាងស្រុកខ្មែរហើយ ដូច្នេះក្រុមគ្រួសារ និងសាច់ញាតិ របស់ទណ្ឌិត សម រង្ស៊ី សូមកុំទៅលេងទឹកសមុទ្ររបស់ខ្មែរអី ព្រោះវាមិនល្អ មិនត្រជាក់ស្រួលដូចនៅបារាំងទេ។ លើសពីនោះទៀតអ្វីដែលទណ្ឌិត សម រង្ស៊ី លើកឡើងម៉ាក់ងាយ ទឹកសមុទ្រ ក៏អាចនិយាយបានដែរថា កំពុងចូលរួមរាំងខ្ទប់ភ្ញៀវទេសចរណ៍មិនឲ្យមកលេងទឹកសមុទ្រខ្មែរផងដែរ៕