(ភ្នំពេញ)៖ វិនិយោគិនរបស់ប្រទេសជប៉ុន បាន និងកំពុងសម្រុកចូលទីផ្សារភាគហ៊ុនច្រើនជាងគេ ក្នុងចំណោមការជួញដូររបស់វិនិយោគិនបរទេសទាំងអស់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន សន្ទុះនៃការចូលរួមវិនិយោគភាគហ៊ុន ពីសំណាក់វិនិយោគិនបរទេសក្នុង ផ្សារមូលបត្រកម្ពុជា នៅឆមាសទី១ ឆ្នាំ២០១៨ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧​ ខែសីហា ឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ចាប់តាំងពី ខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៨ ការជួញដូរភាគហ៊ុនរបស់វិនិយោគិនបរទេស នៅក្នុងផ្សារមូលបត្រកម្ពុជា (CSX) មានប្រមាណ ៥,១៦ ប៊ីលានរៀល ឬត្រូវជា ៦៧,៣៨ ភាគរយ នៃទំហំជួញដូរសរុប ទោះបីជាចំនួនគណនីជួញដូររបស់វិនិយោគិនបរទេស មានតិចជាងចំនួនគណនីជួញដូររបស់វិនិយោគិនខ្មែរក៏ដោយ»

CSX បានឲ្យដឹងទៀតថា «ក្នុងនោះវិនិយោគិនបរទេសដែលបានជួញដូរច្រើនជាងគេបំផុត គឺវិនិយោគិនជប៉ុន ដែលទំហំជួញដូរមានរហូតដល់ ៣០,៩០ភាគរយនៃទំហំជួញដូរសរុបនៅក្នុងផ្សារ សម្រាប់៦ខែដំបូងនៃឆ្នាំ២០១៨ នេះ។ បន្ទាប់ពីជប៉ុន យើងសង្កេតឃើញវិនិយោគិនចិន និងវិនិយោគិនតៃវ៉ាន់មានទំហំជួញដូរធំបន្ទាប់ គឺ ១៣,៨២ភាគរយ និង៧,២៣ភាគរយ រៀងគ្នា»។

បើមើលទៅលើចំនួនគណនីជួញដូរវិញ ចំនួនគណនីដែលកាន់កាប់ដោយវិនិយោគិនបរទេស មានសរុប ២.៨៦៩ គណនី ដែលត្រូវជា (៣១ភាគរយ)នៃគណនីទាំងអស់។ ក្នុងនោះ វិនិយោគិនចិនមានគណនីជួញដូរច្រើនជាងគេគឺ ៩១៩ គណនី (៣២,០៣ភាគរយ) បន្ទាប់មកគឺវិនិយោគិនជប៉ុន ដែលមានគណនីជួញដូរចំនួន ៨៥៩ គណនី (២៩,៩៤ភាគរយ) និងវិនិយោគិនតៃវ៉ាន់ ដែលមានគណនីជួញដូរចំនួន ៥១០ គណនី (១៧,៧៨ភាគរយ)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ការចូលរួមយ៉ាងច្រើន និងសកម្មពីសំណាក់វិនិយោគិនបរទេសក្នុងការជួញដូរភាគហ៊ុននៅ CSX នេះបង្ហាញពីការរំពឹងទុកវិជ្ជមានរបស់ពួកគេ ទៅលើអនាគតរបស់ទីផ្សារមូលបត្រកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍មួយចំនួន ដែលពួកគេនឹងទទួលបានពីការវិនិយោគនៅផ្សារមូលបត្រនេះផងដែរ ដែលក្នុងនោះរួម៖

១៖ កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លាជាងគេក្នុងពិភពលោក ពោលគឺប្រមាណជា ៧ភាគរយ គិតត្រឹមរយៈពេល ១០ឆ្នាំចុងក្រោយ។ ដូច្នេះការវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា គឺជាឱកាសក្នុងការទទួលយកអត្ថប្រយោជន៏ពីសេដ្ធកិច្ចដែលកំពុងរីកចម្រើនខ្លាំងមួយនេះ។

២៖ វិនិយោគិនបរទេស អាចកាន់កាប់ ភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជី ដោយគ្មានការកំណត់ និងទទួលបានការលើកទឹកចិត្តផ្នែកពន្ធ ដូចជាពន្ធទៅលើប្រាក់ចំណេញ និងពន្ធប្រថាប់ត្រាផងដែរ។

៣៖ ប្រាក់ចំណេញដែលវិនិយោគិនបរទេសទទួលបានពីការជួញដូរមូលបត្រនៅកម្ពុជា ដូចជាចំណូលការប្រាក់ពីមូលបត្របំណុល ភាគលាភ និងប្រាក់ចំណេញពីមូលបត្រកម្មសិទ្ធិ ត្រូវបានអនុញ្ញាតឲ្យផ្ទេរទៅប្រទេសកំណើតវិញដោយគ្មានការរឹតបណ្តឹងអ្វីឡើយ៕