(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើកទី២ស្តីពី «ប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន» ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាសមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាតំណាងរបស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួងឧស្សហកម្ម និងសិប្បកម្ម មន្ទីរចំណុះក្រសួង និងតំណាងមកពីវិស័យឯកជនសរុបប្រមាណ៥០នាក់។

សិក្ខាសាលាបណ្តុះបណ្តាលនៅថ្ងៃនេះ មានគោលបំណងចំនួន៣ ដើម្បីផ្តល់ឲ្យសិក្ខាកាម រួមមាន៖

១៖ ចំណេះដឹង និងបទពិសោធន៍លើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងផលិតកម្មស្អាត តាមរយៈការធ្វើឲ្យមានការសន្សំសំចៃនានា ជួយកាត់បន្ថយថ្លៃដើម និងគេហកិច្ចល្អ ជាដើម ដោយបង្កើននូវផលិតភាពខ្ពស់។

២៖ យល់ដឹងពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរោងចក្រ និងសិប្បកម្ម។

៣៖ បង្កើនសមត្ថភាពមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធនានា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះលោក សាត សាមី បានឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រសួងបាននិងកំពុងអនុវត្តន៍ផែនការសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលមានទិដ្ឋភាពរួម និងបេសកកម្មរបស់ខ្លួនដូចជា៖

១៖ ធ្វើឱ្យមានប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងផលិតកម្មស្អាត នឹងធ្វើឱ្យរោងចក្រ ឬសិប្បកម្ម ទទួលបានផលចំណេញពីការកាត់បន្ថយថ្លៃចំណាយផលិតកម្ម បង្កើនផលិតភាព ព្រមទាំងបានចូលរួមក្នុងការធ្វើឱ្យមានអប្បបរមានូវការបញ្ចេញចោលនូវសំណល់ និងឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថានផងដែរ។

២៖ ជម្រុញឲ្យរោងចក្រ និងសិប្បកម្មមានប្រព័ន្ធគ្រប់គ្រងបរិស្ថាន (Environmental Management System) មួយដែលមានទិន្នន័យគ្រប់គ្រាន់សម្រាប់ការធ្វើសមាហរ័ណកម្មនៃនីតិវិធី និងដំណើរការបណ្តុះបណ្តាលបុគ្គលិក ការត្រួតពិនិត្យ ការសង្ខេប និងធ្វើរបាយការណ៍ស្តីពីព័ត៌មាននៃសកម្មភាពទាំងឡាយទៅលើបរិស្ថាន។
៣៖ ជម្រុញឲ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីរោងចក្រ សហគ្រាស និងសិប្បកម្ម ដោយដាក់ចេញជាគោលការណ៍ណែនាំ ដល់ផលិតករទាំងឡាយក្នុងវិស័យនេះឱ្យអនុវត្តន៍តាម។

ឆ្លៀតក្នុងឳកាសដ៏វិសេសវិសាលនេះដែលលោក សាត សាមី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជានិច្ចកាលតែងតែលើកទឹកចិត្ត និងគាំទ្រទាំងស្រុងក្នុងការអនុវត្តគម្រោងខាងលើនេះ។

លោក សាត សាមី បានផ្តាំផ្ញើ លើកទឹកចិត្ត និងជំរុញឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្នុងការរៀនសូត្រ ចូលរួមសិក្សាស្វែងយល់ និងដកស្រង់យកចំណេះដឹងល្អៗ ដែលទីប្រឹក្សាគម្រោងពន្យល់ និងបកស្រាយ ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាមន្ត្រីជំនាញបង្គោលក្នុងការចុះអនុវត្តការងារ ជាមួយវិស័យឯកជន នឹងអាចក្លាយជាមន្ត្រីបង្គោលសម្រាប់ជួយដល់ការផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីជំនាញរបស់ក្រសួង និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀតផងដែរ៕