(បាងកក-ថៃ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងបច្ចេកវិទ្យា និងទំនាក់ទំនង និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដែលមកពីបណ្តាប្រទេស CLMVT (កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម និងថៃ) បានឯកភាពគ្នាក្នុងការជួយជំរុញឲ្យប្រទេសទាំង៥ ក្នុងតំបន់អាស៊ាននេះ មាន Internet ល្បឿនលឿន (Broadband) ប្រើប្រាស់ពេញផ្ទៃប្រទេស នៅឆ្នាំ២០២០ខាងមុខនេះ ដើម្បីសម្រេចបាននូវការរីកចម្រើន នៃសេដ្ឋកិច្ចឌីជីថល (Digital Economy)។

ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាមួយ នៃវេទិកា CLMVT Forum 2018 នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយបញ្ចប់ជំនួបពិភាក្សានោះ លោក ជា មានិត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដែលជាវាគ្មិនក្នុងវេទិកា បានបញ្ជាក់ថា យន្តការ CLMVT គឺជាយន្តការដែលជួយឲ្យប្រទេសជាសមាជិកទាំង៥ ដើរទៅមុខស្របគ្នា ដោយដាក់ទិសដៅឲ្យប្រទេសនីមួយៗមាន Internet ល្បឿនលឿន (Broadband) នៅឆ្នាំ២០២០ អាចប្រើប្រាស់បានទូទាំងប្រទេស។

លោកថ្លែងថា «ប្រទេសទាំង៥ បានស្របគ្នាថា ដើម្បីឲ្យសេដ្ឋកិច្ចឌីជីថល ដំណើរការទៅបានលឿន គឺត្រូវបង្កើតកិច្ចសហការរវាងប្រទេសទាំងអស់ ក្នុងការរុញ និងទាញឲ្យប្រព័ន្ធសេដ្ឋកិច្ចឌីជីថលឲ្យដំណើរការទៅស្របគ្នា ហើយប្រមូលបានការគាំទ្រពីវិស័យឯកជនចូលរួមជាមួយស្ថាប័នរដ្ឋផងដែរ»

បើតាមលោកអនុរដ្ឋលេខាធិការ សម្រាប់ប្រទេសកម្ពុជា ផែនការដែលដាក់ចេញរួមគ្នាដោយប្រទេស CLMVT តម្រូវឲ្យប្រទេសនីមួយៗមានប្រព័ន្ធ Internet ល្បឿនលឿនពាសពេញផ្ទៃប្រទេសនោះ, កម្ពុជាអាចនឹងសម្រេចបាន ដោយសារថា បច្ចុប្បន្នបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ (Infrastructure) សម្រេចបានច្រើនរួចហើយ ជាមួយគ្នានេះ ការប្រើប្រាស់ថវិកាសម្រាប់ពង្រីកបណ្តាញ ក៏កម្ពុជាមានប្រើប្រាស់ផងដែរ។

សូមជម្រាបថា បើតាមរបាយការណ៍របស់ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា គិតមកដល់ត្រឹមខែមិថុនា ឆ្នាំ២០១៨នេះ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តចំនួន១៨,៩១១,៧៣២ស៊ីមកាត ស្មើនឹងចំនួន១១៦ភាគរយ នៃចំនួនប្រជាជនកម្ពុជា ដែលមានចំនួនជាង១៦លាននាក់។

ដោយឡែកសម្រាប់ ចំនួនអ្នកប្រើប្រាស់សេវា Internet នៅកម្ពុជាវិញ មានចំនួនសរុប១១,៩០០,៤៣៣លាននាក់ ក្នុងនោះអ្នកប្រើប្រាស់ internet ចល័ត (ទូរស័ព្ទដៃ) មានរហូតដល់១១,៧៦៩,៨២៧នាក់ ស្មើនឹង៧២ភាគរយ និងសេវា Internet អចល័តចំនួន ១៣០,៦១៦នាក់ ស្មើនឹង០.៨០ភាគរយ។ ចំពោះអ្នកប្រើប្រាស់ Facebook វិញ រហូតមកដល់ពេលនេះ មានអ្នកប្រើប្រាស់រហូតដល់៦.៨លានគណីន បើធៀបកាលពីចុងឆ្នាំ២០១៧ មានត្រឹមតែ៤.៨លានគណនី និងចុងឆ្នាំ២០១៣ មានតែ១.២លានគណនី តែប៉ុណ្ណោះ៕