(ភ្នំពេញ)៖ ក្នុងរដូវវស្សានេះ ជារដូវមួយដែរប្រជាពលរដ្ឋយើង ងាយឆ្លងនឹងជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺគ្រុនឈាមតែម្តង ភាគច្រើនកើតទៅលើក្មេងៗ។ បើតាមក្រសួងសុខាភិបាល អត្រាឈឺដោយជំងឺគ្រុនឈាមដែលខ្ពស់បំផុតគឺកើតមានលើកុមារមានអាយុពី៥ឆ្នាំ ដល់៩ឆ្នាំ បន្ទាប់មកគឺកុមារដែលមានអាយុពី០ឆ្នាំដល់៤ឆ្នាំ។

រដូវវស្សានេះ បណ្តាលឲ្យមានភ្លៀងយ៉ាងច្រើន​ និងធ្វើឲ្យមានទឹកដក់គ្រប់ទីកន្លែង ដែលជាមូលហេតុធ្វើឲ្យកើតមានមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមតែម្តង។ ក្នុងរយៈពេលនេះជំងឺគ្រុនឈាម មានការកើនឡើងជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ ជាពិសេសនៅតាមតំបន់ដែលមានមនុស្សរស់នៅច្រើន ក្នុងនោះរាជធានីភ្នំពេញ ខេត្តកំពង់ចាម​ និងត្បូងឃ្មុំជាដើម ត្រូវបានក្រសួងសុខាភិបាល បានបង្ហាញតួរលេខថា មានការកើនឡើងខ្លាំង។

ជាក់ស្តែងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មានកុមារ និងក្មេងវ័យជំទង់ជាច្រើន បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារកើតមានជំងឺគ្រុនឈាមនេះ។ បើតាមប្រជាពលរដ្ឋ កូនៗចៅៗរបស់គាត់ ពេលមានអាការៈក្តៅខ្លួន ភាគច្រើនបានយកទៅពិនិត្យ​នៅពេទ្យឯកជន ហើយដំបូងមិនបានរកឃើញមានការឆ្លងជំងឺគ្រុនឈាមឡើយ តែជាជំងឺគ្រុនពោះវៀន និងក្តៅខ្លួនធម្មតាទៅវិញ។ ប៉ុន្តែដោយសារអាការៈកាន់តែខ្លាំង កុមារនោះត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយរកឃើញថា​ មានជំងឺគ្រុនឈាម។

ឆ្លើយតបជាមួយស្ថានភាពនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានប្រាប់អង្គភាពព័ត៌មាន Fresh News ​ឲ្យដឹងថា ជំងឺគ្រុនឈាមពិតជាមានការ កើនឡើងមែន ដោយសារមានភ្លៀងធ្លាក់ច្រើន និងបណ្តាលឲ្យមានទឹកដក់ តែក្រសួងមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។ លោកបន្តថា មកដល់ពេលនេះ បើតាមរបាយការណ៍ ជំងឺគ្រុនឈាម បានធ្វើឲ្យកុមារឈឺមានចំនួន៤៧០០ករណីហើយ។

លោកបានបញ្ជាក់ថា «ជារៀងរាល់ឆ្នាំ ក្រសួងតែងតែធ្វើការត្រៀមលក្ខណៈជាមុន ព្រោះយើងដឹងហើយ យើងមិនទាន់មានវ៉ាក់សាំងការពារជំងឺគ្រុនឈាមទេ មានតែវិធានការការពារតាមរយៈ ដែលអាចធ្វើទៅបានដូចជា ចែកថ្នាំ អាប៊ែត ដាក់តាមពាងទឹកនានាហ្នឹងទូទាំងប្រទេស។ ហើយយើងត្រៀមថ្នាំសម្រាប់បាញ់មូស ករណីដែលមានជំងឺគ្រុនឈាមកើនឡើង ដែលចាំបាច់វាយតម្លៃ លក្ខណៈវិទ្យាសាស្ត្រ ត្រូវការបាញ់បានយើងបាញ់។ ករណីដែលមានគ្រុនឈាមកើនឡើង និងមូសដែលជាភ្នាក់ងារចម្លងហ្នឹងកើតឡើងច្រើន បានយើងបាញ់ព្រោះយើង មិនមែនចេះតែបាញ់ទេ»

លោកបញ្ជាក់បន្តថា «យើងក៏បានចុះអន្តរាគមន៍ យើងឃើញមានការកើនឡើង ពីព្រោះធម្មតាទេខែភ្លៀងហ្នឹង ប៉ុន្តែវាអត់ទាន់មានការប្រកាសអាសន្ន ដូចឆ្នាំ២០១២នោះទេ។ យើងធ្វើតែតំបន់ ដែលពិនិត្យឃើញថា មានការកើនឡើង មានមូសច្រើន យើងចាប់ផ្តើមចែកថ្នាំអាប៊ែត​ និងបាញ់ថ្នាំសម្លាប់មូស។ ដូច្នេះដោយសារយើងមានសកម្មភាព បន្តបន្ទាប់បែននេះ យើងបានទប់ស្កាត់ និងស្ថិតក្នុងការគ្រប់គ្រងបាន»

លោក លី សុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយធ្វើអនាម័យខ្លួនឯង សម្អាតបរិស្ថានជុំវិញផ្ទះ កុំឲ្យដក់ទឹក។ លោកបន្តថា កន្លែងដែលមានទឹក ត្រូវតែមានគ្រប មានដាក់ត្រីឲ្យស៉ីដង្កូវទឹក ហើយទំនាក់ទំនងមណ្ឌលសុខភាព​ ឬក៏អ្នកស្ម័គ្រចិត្តភូមិ ពេលត្រូវការឲ្យជួយដោះស្រាយបញ្ហា ក៏ដូចជា វិធានការការពារជំងឺគ្រុនឈាម។

បើតាមអ្នកនាំពាក្យរូបនេះ បើសង្ស័យថា កុមារណាមានគ្រុនក្តៅ មានអាការៈ ក៏ដូចជារោគសញ្ញាថា​ជា ជំងឺគ្រុនឈាម សូមកុំទុកនៅផ្ទះ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត។ លោកបានហាមដាច់ខាត ការចាក់ថ្នាំតាមភូមិ តាមកន្លែងពិនិត្យជំងឺណា ដែលផ្តល់ដោយអ្នកមិនមែនជាគ្រូពេទ្យ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។

លោកបញ្ជាក់បន្ថែមថា «រហូតពេលនេះ មានប្រមាណ៤៧០០ករណីហើយ ដូច្នេះវានៅចំណុចមួយដែលយើងគ្រប់គ្រងបានទេ។ ហើយតំបន់ដែល កើនឡើងនោះគឺតំបន់ដែលមានប្រជាជនរស់នៅច្រើន ដូចជាភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ កំពង់ចាម ជាពិសេសនៅក្នុងក្រុង។ ដូច្នេះ ខ្ញុំសូមឲ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្ន ដូចខ្ញុំនិយាយអញ្ចឹង មូសខ្លាមិនមែនកើតពីកន្លែងភក់ទេ វាកើតនៅកន្លែងទឹកថ្លា ដូចជា ពាងទឹក ល្អាងទឹក​អីហ្នឹង»