(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅតាមលំនៅដ្ឋាននីមួយៗ ជួរមាត់ទន្លេចំនួន៩៦គ្រួសារ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះការលំបាក ដោយសារជំនន់ទឹកទន្លេសាបឡើងខ្ពស់ បណ្ដាលឲ្យលិចលង់ផ្ទះសម្បែង។

ឆ្លើយតបជាមួយស្ថានភាពបែបនេះ រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងនោះជិត១០០គ្រួសារនៅតាមខ្នងផ្ទះតែម្តង។

លោក ជា ពិសី បានថ្លែងថា គ្រឿងឧបភោគបរិភោគ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូនប្រជាពលរដ្ឋនាពេលនេះ អាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាទឹកចិត្តសប្បុរសធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់-ខណ្ឌ រហូតដល់ក្រុង ដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោលនៅទូទាំងប្រទេស មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ ក្រោមដំបូលសន្តិភាព។

ជាមួយគ្នានោះ លោក ជា ពិសី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងខ្លាំង ក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦កន្លងទៅ ដោយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា បងប្អូនបានសម្ដែងពីឆន្ទះគាំទ្រយ៉ាងពេញទំហឹងចំពោះ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត ក្រោមអនុសាសន៍ដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលបានមានប្រសាសន៍ថា «ក្នុងនាមមន្ត្រី មិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋនោះទ ផ្ទុយទៅវិញ មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»